អតីតខ្សែប្រយុទ្ធរបស់ Chelsea និង Real Madrid, Eden Hazard នឹងត្រលប់មកកាន់ទីលានបាល់ទាត់ជាថ្មី ដោយចូលរួមការប្រកួតមិត្តភាពសប្បុរសធម៌ នាពេលដ៏ខ្លីខាងមុខ។
កីឡាករវ័យ៣២ឆ្នាំ បានចាកចេញពីក្លិបអធិរាជស នៅក្នុងទីផ្សាររដូវក្ដៅ បន្ទាប់ពីបានបង្ហាញខ្លួន៧៦លើក ក្នុង៤រដូវកាលជាមួយក្លិបយក្សអេស្ប៉ាញ។
យោងតាមប្រភពពីសារព័ត៌មានបារាំង L’Equipe បានរាយការណ៍ថា Hazard នឹងចូលរួមការប្រកួតមិត្តភាពក្នុងព្រឹត្តិការណ៍ Varietes Club de France, នៅកីឡដ្ឋាន Stade de L’Epopee ក្នុងប្រទេសបារាំង នាថ្ងៃទី១៨ ខែតុលាខាងមុខ។
គេអាចនឹងលេងនៅក្នុងក្រុមជាមួយអតីតកីឡាករបារាំង ដែលឈ្នះពាន World Cup 1998 ដូចជា Didier Deschamps, Laurent Blanc, Robert Pires និង Christian Karembeu រួមជាមួយអតីតមិត្តរួមក្រុម Lille, Mathieu Debuchy និង Yohan Cabaye ផងដែរ៕