អតីតកីឡាករឆ្នើមលោក David Beckham ដែលសព្វថ្ងៃជាប្រធានក្លឹប Inter Miami មានវត្តមាន Lionel Messi ឈរជើងនៅសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាក៏នឹងផ្សារភ្ជាប់ទៅកាន់អតីតក្លឹបជាថ្មី ប្រសិនណាពេលខាងមុខ ការដេញថ្លៃទទួលម្ចាស់ថ្មី ជាព្រះអង្គម្ចាស់កាតា Sheikh Jassim Bin Hamad Al Thani ជោគជ័យដូចគ្រោងទុក។
នេះតាំងខែវិច្ឆិកា ឆ្នាំ ២០២២ ដែល United ប្រកាសដាក់លក់ក្លឹប ក្រោមសិទ្ធរបស់ម្ចាស់បច្ចុប្បន្នត្រកូល Glazer ដែលមិនទាន់រកឃើញម្ចាស់ថ្មី ដេញថ្លៃត្រូវរ៉ូវគ្នានោះ។ យ៉ាងណាបើតាមដំណឹងគឺមានភាគរយខ្ពស់ ខាងសេដ្ឋីនៅកាតា អាចជោគជ័យលើការចរចា បើធៀបនឹងអ្នកជំនួញឯទៀតនៅសហរដ្ឋអាមេរិក ឬអង់គ្លេស។
ប្រភព TalkSPORT ចុះផ្សាយ ខាងលោក Beckham ក៏ផ្សារភ្ជាប់ជាមួយព្រះអង្គម្ចាស់នៅកាតាពេលនេះដែរ ដ្បិតបានជូនដំណឹងមុន ថានឹងទទួលបានតំណែងធំ គឺជាឯកអគ្គរដ្ឋទូតអន្តរជាតិប្រចាំក្លឹប Man United ក្នុងករណីការទិញយកក្លឹបសម្រេចទៅបាន ១០០ ភាគរយ។
គួរឲ្យដឹងថា កន្លងមកបុរសសញ្ជាតិអង់គ្លេស ក៏បានលើកឡើងពាក់ព័ន្ធក្លឹប Man United បែបនេះ៖ “យើងអាចថាជាក្លឹប ឬមិនមែនជាក្លឹបធំបំផុតមួយក្នុងលោក តែយើងត្រូវការ គឺភាពនឹងន ខ្ញុំគិតថាវាសំខាន់បំផុត យើងសុទ្ធតែមានចិត្តគិតរៀងខ្លួន ចង់បាននរណាមកកាន់កាប់ក្លឹប មើលថែក្លឹបពេលទៅមុខ យើងពិតជាចង់ត្រលប់ក្លឹបមួយនេះមកកាន់ចំណុចកំពូល ដូច្នេះខ្ញុំជឿលើមនុស្សដែលត្រឹមត្រូវ សក្តិសមក្នុងការធ្វើវា”៕