បើតាមរបាយការណ៍ចុងក្រោយចុះផ្សាយថា កំឡុងពេកវិស្សមកាលសម្រាកបញ្ចប់រដូវកាលមុនគេនេះ Lionel Messi បានសម្លឹងទៅមើលស្ថានភាព Sergi Roberto និងចាប់អារម្មណ៍ចង់ស្នើទៅថ្នាក់លើ មានប្រធានលោក David Beckham ចរចានាំយកគេមកចូលរួមនៅ Inter Miami។
នេះអាចជាកីឡាករទីបី យើងមិនរាប់ Messi ខ្លួនឯង បន្ទាប់មុននោះ Miami យកបាន Sergio Buquets និង Jordi Alba មកពង្រឹងតំបន់ស្នូលបម្រើ ក៏ដូចជាការពារជើងក្រោមរួចរាល់។ វាទន្ទឹមពេលដែលសុពលភាពកុងត្រា Sergi Roberto នឹងត្រូវផុតត្រឹមចុងខែមិថុនា ឆ្នាំ ២០២៤។ នេះបើតាមសារព័ត៌មាន Mundo Deportivo ចុះផ្សាយ។
ប្រភពដដែលបន្ត Messi បាននិយាយទៅកាន់ Roberto រួចរាល់ហើយ ដោយរៀបរាប់អំពីបទពិសោធន៍រីករាយហែលកាត់កន្លងមក ក៏យកឧទាហរណ៍ Busquets និង Alba ជាគំរូមកបង្ហាញប្រាប់។ មានភាគរយច្រើនដែលជឿថា បុរសវ័យ ៣១ ឆ្នាំ នឹងជ្រើសការផ្ទេរមកក្លឹបនៅទឹកដីអាមេរិក។
រំឭកឲ្យដឹងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ ពេលចុងក្រោយទទួលបានតំណែងជាប្រធានក្រុម បន្តពីការចាកចេញរបស់ Busquets។ ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Xavi Hernandez នៅរដូវកាលថ្មី មិនសូវបានលេងជាប់លាប់ ត្រឹមបង្ហាញខ្លួននៅជម្រើសដំបូង ២ ប្រកួតប៉ុណ្ណោះ ខណៈសេសសល់គឺឈ្មោះបម្រុង៕