ក្លិប Newcastle United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់ជូនសំណើទឹកប្រាក់ប្រមាណ ២០លានអឺរ៉ូ សម្រាប់ខ្សែបម្រើរបស់ក្រុម Real Madrid កីឡាករ Dani Ceballos នៅក្នុងខែមករាខាងមុខ។
ជាការពិតណាស់ Newcastle បានធ្វើការពង្រឹងតំបន់បម្រើរបស់ខ្លួន នៅក្នុងអំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ ជាមួយនឹងការមកដល់របស់កីឡាករ Sandro Tonali ពីក្លិប AC Milan ។ ប៉ុន្តែកីឡាកររូបនេះកំពុងប្រឈមមុខជាមួយនឹងការហាមឃាត់ពីបាល់ទាត់រយ:ពេលវែង ពាក់ព័ន្ធជាមួយនឹងការភ្នាល់ខុសច្បាប់។
ជុំវិញស្ថានភាពបែបនេះហើយ ទើបឥឡូវនេះ ក្លិប Newcastle នឹងចាប់ផ្តើមចូលទៅក្នុងទីផ្សារដោះដូរសារជាថ្មី ខណ:បើតាមការចុះផ្សាយពី Fichajes បានរាយការណ៍ថា Ceballos កំពុងស្ថិតនៅក្នុងគោលដៅកំពូលរបស់ខ្លួន។
ប្រភពដដែលនេះ បានអះអាងទៀតថា គ្រូបង្វឹកលោក Eddie Howe មានឆន្ទៈក្នុងការចំណាយ ២០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ceballos ដែលត្រូវបានគេរំពឹងថានឹងស្វែងរកកន្លែងលេងថ្មី ក្រោយមិនសូវមានឱកាសក្រោមការដឹកនាំរបស់លោក Ancelotti ៕