ជើងចាស់លោក Darren Bent បាននិយាយថា Manchester United នឹងមិនមានឱកាសក្នុងការនាំយកគ្រូបង្វឹករបស់ Aston Villa លោក Unai Emery ដើម្បីទៅជំនួសតំណែងរបស់ Erik ten Hag ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លិបនោះឡើយ។
ជាក់ស្តែង បើទោះបីជារដូវកាលដំបូងមានភាពវិជ្ជមានក្នុងការដឹកនាំ Man United ក៏ដោយ ប៉ុន្តែលោក Ten Hag ហាក់កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង នៅទឹកដី Old Trafford នៅក្នុងរដូវកាលថ្មីនេះ។
ទន្ទឹមនឹងនោះ ក្រុម Villa ហាក់កំពុងមានភាពលេចធ្លោខ្លាំង ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Arsenal លោក Emery និងកំពុងឈរនៅលេខរៀងទី៥ ក្នុងលីគ ដោយតាមពីក្រោយក្រុមកំពូលតារាង Tottenham ត្រឹមតែ៤ ពិន្ទុប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានសំណួរសួរថាតើ Emery អាចត្រូវបានទាក់ទាញឱ្យដើរចេញពីក្រុម Villa Park ហើយផ្ទេរទៅចូលរួមនៅទឹកដី Old Trafford ដែរឬទេ ខណ:លោក Bent បានប្រាប់ talkSPORT ថា ៖ “គាត់នឹងមិនចាកចេញពី Aston Villa ក្នុងពេលឥឡូវនេះទេ។ គាត់នឹងមិនអាចជាដាច់ខាត “។
លោកបន្តទៀតថា ៖ “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនៅ Man Utd ទេ។ Man Utd ជាក្លិបដ៏ធំមួយ ប៉ុន្តែឥឡូវនេះ Aston Villa កំពុងស្ថិតក្នុងទីតាំងដែលមានស្ថេរភាពជាង ហើយមើលទៅល្អជាង Man Utd “ ៕