អតីតវីរបុរសប្រេស៊ីលលោក Romario បានបង្ហាញការរិះគន់ចំពោះចំណាត់ការសហព័ន្ធបាល់ទាត់ប្រេស៊ីលដែលកំពុងរៀបចំចាត់តាំងអ្នកចាត់ការក្លឹប Real Madrid គឺលោក Carlo Ancelotti ឲ្យចូលដឹកនាំជម្រើសជាតិឈុតធំនាពេលវេលាបន្ទាប់ ល្បាក់ឆ្នាំ ២០២៤ ខាងមុខ។
នេះតាមផែនការណ៍គឺ Ancelotti នឹងមកបំពេញកន្លែង Fernando Diniz ជាគ្រូបណ្តោះអាសន្នសព្វថ្ងៃរបស់ក្រុមសាំបា ល្បាក់រដូវក្តៅឆ្នាំ ២០២៤ ពោលគឺបញ្ចប់រដូវកាល តែ Romario ជាជើងចាស់ ធ្លាប់រកបាន ៥៥ គ្រាប់ នៅ ៧១ ប្រកួតឲ្យជម្រើសជាតិ ក៏ជាអ្នកឈ្នះ World Cup ឆ្នាំ ១៩៩៤ បានប្រឆាំងដាច់អហង្ការតែម្តង។
បើតាមការឲ្យដឹងពី Romario ប្រាប់ទៅកាសែត O Globo យ៉ាងដូច្នោះថា៖ “តាមពិតទៅដំបូងខ្ញុំចង់អបអរដល់ Ednaldo [Rodrigues] ដែលជាប្រធានសហព័ន្ធ CBF បានជ្រើសរើស Diniz យ៉ាងល្អក្នុងការដឹកនាំចុងក្រោយ គេជាអ្នកចាត់ការដ៏ល្អម្នាក់ តែគេមិនទាន់ទទួលបានពេលវេលាគ្រប់គ្រាន់ជាមួយការដឹកនាំជម្រើសជាតិដូចនៅក្លឹបទេ ក៏ប៉ុន្តែយ៉ាងណានៅតែអាចផ្សះផ្សាកីឡាកររួបរួមគ្នា”។
លោកបន្ត៖ “នៅ ២ ប្រកួតចុងក្រោយ គាត់ដឹកនាំទទួលលទ្ធផលស្មើ ១ ចាញ់ ១ គ្មាននរណាតែងតែអាចឈ្នះរហូតទេ តែខ្ញុំអាចនិយាយថា យោបល់របស់ខ្ញុំស្មោះត្រង់ទៅជម្រើសជាតិប្រេស៊ីលគឺស្ថិតក្នុងកណ្តាប់ដៃដ៏ល្អហើយរបស់ Diniz គ្មានអ្វីត្រូវមកចាត់តាំង Ancelotti ទេ ខ្ញុំចង់បាន Diniz នៅដឹកនាំដល់ទីបញ្ចប់”៕