ខ្សែបម្រើ Giovani Lo Celso របស់ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាគោលដៅផ្ទេរដ៏មានសក្តានុពលបំផុតមួយ សម្រាប់ Barcelona នៅទីផ្សារដោះដូរខាងមុខ។
ជាក់ស្តែង Lo Celso កំពុងចំណាយពាក់កណ្តាលដំបូងនៃរដូវកាលនេះ ក្នុងការលេងឱ្យក្រុមដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ ក្រោយពីផុតកុងត្រាខ្ចីជើងជាមួយ Villarreal ។
តែទោះជាយ៉ាងណាក៏ដោយ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ នៅក្លិប Spurs នៅសល់តិចជាង ១៩ខែទៀតប៉ុណ្ណោះ ហើយប្រសិនបើកិច្ចព្រមព្រៀងថ្មីមិនអាចបន្តបានទេ នោះក្លិបអាចនឹងពិចារណាលក់គេចេញ ពេលទីផ្សារបើកឡើងវិញមិនខាន។
ហើយឥឡូវនេះ យោងតាម Mundo Deportivo បានបង្ហាញថាទាំងក្លិប Spurs និង Lo Celso ទំនងជាអាចពិចារណាលើចំណាប់អារម្មណ៍ពីសំណាក់ក្លិប Barcelona ក្នុងពេលឆាប់ៗនេះ។
គួរឱ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ ខ្សែបម្រើសំខាន់ Gavi បានរងរបួសជង្គង់ធ្ងន់ធ្ងរ ខណៈពេលលេងតំណាងឱ្យប្រទេសអេស្ប៉ាញ ហើយចាប់តាំងពីពេលនោះមក រូបគេត្រូវរំពឹងថាអាចនឹងអវត្តមានពេញមួយរដូវកាលតែម្តង។
ដោយសារតែក្លិប Barcelona មិនមានថវិកាដើម្បីចំណាយច្រើនលើការរកអ្នកថ្មីមកជំនួស ដូច្នេះហើយទើបគ្រូបង្វឹកលោក Xavi និងថ្នាក់ដឹកនាំរបស់ក្លិបសម្លឹងឃើញ Lo Celso ជាជម្រើសដែលមានតម្លៃសមរម្យបំផុត ៕