មានសេចក្ដីរាយការណ៍ពីអង់គ្លេសមកថា ក្លិប Arsenal កំពុងព្យាយាមក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លិប Juventus នាទីផ្សារដោះដូររដូវក្ដៅ ហើយពួកគេជាបេក្ខភាពជួរមុខ ក្នុងការប្រជែងយកតារាឆ្នើមវ័យក្មេងរូបនេះ។
ក្លិបកាំភ្លើងធំ ត្រូវការពង្រឹងបន្ថែមនូវតំបន់ប្រយុទ្ធរបស់ខ្លួនជាចាំបាច់ បន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus មានបញ្ហារបួស ហើយ Eddie Nketiah បង្ហាញសមត្ថភាពពុំសូវបានល្អ។
យោងតាមប្រភពពី TuttoJuve បានរាយការណ៍ថា អ្នកចាត់ការ Mikel Arteta មានគម្រោងក្នុងការចរចាកីឡាករជម្រើសជាតិស៊ែបរូបនេះជាថ្មី។
កីឡាករវ័យ២៤ឆ្នាំរកគ្រាប់បាល់បានតែ៤គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១០ប្រកួតឱ្យ Juventus រដូវកាលនេះ ហើយក្លិបអ៊ីតាលី ទំនងមានការបើកចំហក្នុងការលក់រូបគេ ប្រសិនបើទទួលបានសំណើដ៏សមរម្យមួយ។
ក្លិបសេះបង្កង់ ត្រូវបានរាយការណ៍ថាកំណត់តម្លៃផ្ទេរប្រមាណ ៥០លានផោន សម្រាប់ការចង់បាន Vlahovic ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Chelsea និង Real Madrid ផងដែរ៕