ខ្សែការពារ Raphael Varane ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងចាកចេញពីក្រុមបិសាចក្រហម Manchester United នៅទីផ្សាររដូវក្តៅខាងមុខ ខណ:ពេលដែលការចាកចេញនៅខែមករា ហាក់មិនទាន់មានភាពច្បាស់លាស់។
ជាការពិតណាស់ ជុំវិញការចាកចេញនេះ ត្រូវបានកើតឡើងនៅពេលដែលអនាគតរបស់ Varane បច្ចុប្បន្នហាក់មានភាពមិនច្បាស់លាស់ បន្ទាប់ពីគេលែងក្លាយជាផ្នែកសំខាន់សម្រាប់ក្រុមដែលដឹកនាំដោយលោក Erik ten Hag ។
មិនតែប៉ុណ្ណោះ កន្លងមកនេះ មានរបាយការណ៍ជាច្រើន បានបង្ហាញថា អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញនៅខែមករា ចំពេលក្លិប Bayern Munich បង្ហាញចំណាប់អារម្មណ៍។ ប៉ុន្តែយោងទៅតាម The Sun គ្រូបង្វឹកលោក Erik ten Hag ហាក់ដូចជាមិនចង់បើកផ្លូវសម្រាប់ការផ្ទេរចេញនេះឡើយ។
ទោះជាយ៉ាងនេះក្តី អនាគតដ៏វែងឆ្ងាយរបស់ Varane នៅទឹកដី Old Trafford ហាក់នៅតែមិនសូវច្បាស់នោះឡើយ ខណ:ប្រភពដដែលនេះ បានះអាងទៀតថា Varane កំពុងចាប់អារម្មណ៍នឹងការផ្ទេរទៅកាន់ប្រទេសអ៊ីតាលី ឬអារ៉ាប៊ីសាអូឌីត នៅចុងបញ្ចប់នៃរដូវកាលនេះ៕