ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា នឹងធ្វើការពិភាក្សាជុំវិញកិច្ចព្រមព្រៀងក្នុងការទិញផ្តាច់ខ្សែការពារ Joao Cancelo ពីក្រុម Manchester City នៅទីផ្សារដោះដូរខាងមុខ។
ជាក់ស្តែងកីឡាករសញ្ជាតិព័រទុយហ្គាល់បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល បន្ទាប់ពីបានចូលរួមជាមួយក្រុម Barcelona កាលពីអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ។
យ៉ាងណាមិញ ចាប់តាំងពីបានមកដល់ទឹកដីកាតាឡាន់មក Cancelo បានក្លាយជាផ្នែកមួយក្នុងជម្រើស ១១ នាក់ដំបូងរបស់ក្រុមលោក Xavi ហើយបានចូលលេង ១៥ ប្រកួតរួចមកហើយ ។
ជាមួយនឹង Cancelo កំពុងតែបង្ហាញពីសមត្ថភាពដ៏លេចធ្លោសម្រាប់ក្រុម Barcelona ដូច្នេះហើយទើបរបាយការណ៍ពី Sport កំពុងរាយការណ៍ថាក្លិបនៅក្នុងក្របខ័ណ្ឌ La Liga មួយនេះ គ្រោងនឹងបើកការពិភាក្សាជុំវិញកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍។
មិនតែប៉ុណ្ណោះ សម្រាប់ក្លិប Man City វិញ ក៏នឹងបើកចំហចំពោះការចាកចេញជាអចិន្ត្រៃយ៍ សម្រាប់ Cancelo ផងដែរ ដោយសារតែគេលែងជាផ្នែកនៃផែនការរបស់លោក Pep Guardiola ទៀតហើយ បន្ទាប់ពីមានភាពរកាំរកូសជាមួយគ្នា កាលពីរដូវកាលមុន៕