អ្នកចាត់ការលោក Carlo Ancelotti បានឆ្លើយក្នុងន័យបដិសេធ បើទោះបីលោកអាចទទួលបានសំណើទឹកប្រាក់ផ្តល់ជូន ៥០០ លានអឺរ៉ូឬប្រមាណ ៤២៩ លានផោន ក្នុងការងារជាអ្នកចាត់ការថ្មី សម្រាប់ក្លឹបនៅអារ៉ាប៊ីសាអូឌីត ជាកន្លែងគេទទួលស្គាល់ប្រមូលផ្តុំលុយធំ។
រយៈពេលចុងក្រោយកីឡាករចាស់ថ្មីជាច្រើន ផ្ទេរទៅប្រកបអាជីពនៅទីនោះ មានតាំងពី Cristiano Ronaldo, Neymar Jr, Karim Benzema និង Riyad Mahrez ជាដើម។ បន្តដល់អ្នកចាត់ការក៏មានដូចលោក Steven Gerrard ជាដើម តែមិនទាន់ឃើញគ្រូកំពូល ពោរពេញដោយបទពិសោធន៍ណាមួយ បោះជំហាននៅឡើយ។
ដល់តែបុរសវ័យ ៦៤ ឆ្នាំ ដែលមួយរយៈក្រោយផ្សារភ្ជាប់ដំណឹងទៅដឹកនាំជម្រើសជាតិប្រេស៊ីល ឆ្លើយបែបនេះថា៖ “ខ្ញុំអត់ចាំបាច់ចេញជើងហោះហើរទេ ខ្ញុំដើរទៅដោយជើង ខ្ញុំនិយាយលេងទេ គ្រប់គ្នាមានការសម្រេចចិត្តដោយឯកឯង ពិភពលោកហាក់ផ្លាស់ប្តូរ វាមិនមានការភ្ញាក់ផ្អើលអ្វីទេ”។
លោកបន្តថា៖ “ខ្ញុំអត់ចង់បានលុយអស់នោះទេ ខ្ញុំពេញចិត្តនឹងការរស់នៅក្នុងបច្ចុប្បន្ននេះ ខ្ញុំធំធាត់ឡើងក្នុងត្រកូលគ្រួសារដែលមើលឃើញលុយមិនមែនជារបស់សំខាន់ ហើយជាការពិតខ្ញុំក៏មានលុយហើយដែរ សម្រាប់ខ្ញុំ សំខាន់បំផុតគឺកន្លែងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ”៕