ខ្សែការពារសញ្ជាតិអ៊ីតាលី Giorgio Chiellini ថ្មីៗនេះ បានធ្វើការប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ នៅក្នុងវ័យ ៣៩ ឆ្នាំ។
ដោយត្រូវបានគេចាត់ទុកថាជាខ្សែការពារកំពូលមួយរូប Chiellini បានចំណាយពេលពីរឆ្នាំចុងក្រោយនៃអាជីពរយៈពេល ២៣ ឆ្នាំរបស់ខ្លួន ជាមួយក្លិប Los Angeles FC នៅក្របខ័ណ្ឌ MLS ដែលជាកន្លែងគេបានបង្ហាញខ្លួនសរុប ៤៥ ប្រកួត និងបានឈ្នះទាំងពាន MLS Cup និង Supporters’ Shield ក្នុងឆ្នាំ ២០២២ កន្លងទៅ។
យ៉ាងណាមិញ នៅក្នុងវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលត្រូវបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន Chiellini បាននិយាយថា៖ “នេះគឺជាដំណើរអាជីបដ៏ស្រស់ស្អាត និងអស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ ” ។
គេបន្តទៀតថា ៖ “បាល់ទាត់ជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ។ ជាមួយអ្នក ខ្ញុំបានធ្វើដំណើរតាមផ្លូវតែមួយគត់ និងមិនអាចបំភ្លេចបាន។ ប៉ុន្តែឥឡូវនេះ វាដល់ពេលហើយ ដើម្បីចាប់ផ្តើមជំពូកថ្មី ប្រឈមមុខនឹងបញ្ហាថ្មី ហើយសរសេរទំព័រសំខាន់ៗ និងគួរឲ្យរំភើបបន្ថែមទៀតនៃជីវិត” ។
ជម្រាបជូនផងដែរថា ដោយបានកើតនៅ Pisa , Chiellini បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនជាមួយ ក្រុម Livorno ក្នុងឆ្នាំ ២០០០ ហើយបានបង្ហាញខ្លួន ៦២ ប្រកួត ក្នុងរយៈពេល ៤ ឆ្នាំមុនពេលចូលរួមជាមួយ Juventus ដែលជាកន្លែងគេចាប់ផ្តើមមានភាពលេចធ្លោខ្លាំង នៅក្នុងពិភពបាល់ទាត់៕