ក្លឹបអធិរាជស Real Madrid បានបិទបញ្ចប់ការប្រកួតក្នុងឆ្នាំ ២០២៣ នេះហើយ យ៉ាងណាអ្វីដែលជាការព្រួយបារម្ភពេលខាងមុខ គឺមើលឃើញនឹងភ្នែក ត្រង់ជើងក្រោម ការពារកណ្តាល (CB) ដែលសេសសល់កីឡាករចំ Role តែម្នាក់គត់សព្វថ្ងៃជា Antonio Rudiger។
វាចំពេលដែល Nacho Fernandez ត្រូវព្យួរឈ្មោះដោយសារកាតក្រហមប្រកួតចុងក្រោយ ហើយ David Alaba និង Eder Militao ជួបបញ្ហារបួស ACL ត្រូវសម្រាករយៈពេលយូរ។ បើតាមសារព័ត៌មាន Bild ចុះផ្សាយ ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Carlo Ancelotti បាននឹងកំពុងងាកទៅមើល Raphael Varane ជាអតីតកីឡាកររបស់ខ្លួន កំពុងឈរជើងឲ្យក្លឹបបិសាចក្រហម។
បុរសវ័យ ៣០ ឆ្នាំ នៅបម្រើអាជីពឲ្យ Man United មិនសូវជាទទួលបានឱកាសឡើយក្រោមការដឹកនាំរបស់លោក Erik ten Hag ជាហេតុនាំឲ្យស្តេចស គិតថាវាជាឱកាសល្អចរចាទិញយកគេត្រលប់មកវិញ នៅខែមករា ដើមឆ្នាំ ២០២៤ ខាងមុខ។ វាក៏នៅតែចំណេញ បើទិញពេញថ្លៃ ត្រង់ហាងឆេងសព្វថ្ងៃធ្លាក់សល់ ២០ លាន ធៀបនឹងតម្លៃលក់ចេញពីមុន ៤៥ លានអឺរ៉ូ។
បើមិនជោគជ័យការទិញផ្តាច់ ក៏ Madrid នឹងសាកល្បងការនាំយកក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ ឲ្យតែ Man United អនុញ្ញាត។ រំឭកដែរថា ពេលវេលាបើកទ្វារទីផ្សារដោះដូររដូវរងា នឹងចាប់ផ្តើមនៅថ្ងៃទី ០១ មករា តទៅ រយៈពេលមួយខែពេញតែម្តង៕