យោងតាមរបាយការណ៍ចុងក្រោយមួយ បានចុះផ្សាយថាអតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវបានក្លិបទួរគី Besiktas ផ្តល់ជូនសំណើក្នុងការត្រលប់មកដឹកនាំក្រុមវិញ។
ជាក់ស្តែង លោក Solskjaer បច្ចុប្បន្ននៅតែទំនេរពីការងារ ចាប់តាំងពីលោកត្រូវបានក្លិប Man Utd បញ្ចប់តំណែង បន្ទាប់ពីបានដឹកនាំនៅទីនោះអស់រយ:ពេលបីឆ្នាំ ចន្លោះ ២០១៨ ដល់ ២០២១ ។
គួរឲ្យដឹងផងដែរថា បុរសសញ្ជាតិន័រវេសវ័យ ៥០ ឆ្នាំដែលធ្លាប់បានគ្រប់គ្រងក្លិប Molde និង Cardiff City ផងដែរនោះ ឥឡូវនេះត្រូវបានគេរាយការណ៍មកថាកំពុងទទួលបានសំណើដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងការទៅដឹកនាំក្រុម Besiktas ។
វាត្រូវបានគេរាយការណ៍ទៀតថា ក្លិបនៅក្នុងប្រទេសទួរគីមួយនេះ ចង់ផ្តល់ជូនឲ្យលោក Solskjaer នូវកុងត្រារយ:ពេល ១៨ ខែ ប៉ុន្តែយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនេះ ហាក់នៅមិនទាន់មានអ្វីត្រូវបានសម្រេចឡើងនៅឡើយនោះទេ។
លើសពីនេះ លោក Solskjaer បានប្រាប់ NTV Spor ជុំវិញស្ថានភាពនេះថា ៖ “ខ្ញុំសូមអរគុណBeşiktaşសម្រាប់ការផ្តល់ជូនដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ” ។ តែខ្ញុំមិនទាន់សម្រេចចិត្តចំពោះការងារនេះនៅឡើយនោះទេ “៕