គ្រូបង្វឹករបស់ក្រុម Real Madrid លោក Carlo Ancelotti បានចេញមុខច្រានចោលជុំវិញឱកាសក្នុងការនាំយកខ្សែការពារថ្មីមកកាន់ក្រុមរបស់ខ្លួន ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាខែមករានេះ ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាឡើងវិញសម្រាប់ Raphael Varane ពី Manchester United ។
ជាក់ស្តែង ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ Varane ដែលបានចាកចេញពីក្លិបបយក្សអេស្ប៉ាញ ទៅចូលរួមជាមួយ United ក្នុងឆ្នាំ ២០២១ ត្រូវបានគេរាយការណ៍ថាជាជម្រើសសំខាន់បំផុតមួយ ដែលក្លិបកំពុងពិចារណា។
មិនតែប៉ុណ្ណោះ របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ ក៏បានអះអាងទៀតផងដែរថាអតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ក៏នឹងពិចារណាក្នុងការវិលត្រឡប់មកកាន់រដ្ឋធានីអេស្ប៉ាញវិញផងដែរ ប៉ុន្តែលោក Ancelotti បានទទូចថាលោកនឹងផ្តោតទៅលើជម្រើសដែលមានស្រាប់នៅក្នុងក្រុមរបស់ខ្លួនបច្ចុប្បន្ននេះជាង។
លើសពីនេះ លោក Ancelotti បាននិយាយថា ៖ “នៅពេលនេះ យើងមិនពិចារណាលើការចុះហត្ថលេខាលើខ្សែការពារកណ្តាលណាម្នាក់ទៀតនោះទេ។ ជាការពិតយើងខ្វះកីឡាករសំខាន់ៗ ប៉ុន្តែយើងនៅមានពីរនាក់ទៀតដែលយើងជឿជាក់គឺ Nacho និង Rüdiger និងពីរនាក់ទៀតដែលអាចវិលចូលក្រុមវិញគឺ Tchouaméni និងCarvajal ។ ដូច្នេះឥឡូវនេះ យើងមិនពិចារណាលើការចុះហត្ថលេខាថ្មីទៀតទេ ” ៕