Harry Kane កំពុងតែចាប់ផ្តើមរដូវកាលដ៏ល្អបំផុតមួយ នៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្រុម Tottenham Hotspur កាលពីអំឡុងរដូវក្តៅកន្លងទៅ នៅពេលដែល Bayern Munich កំពុងសម្លឹងឃើញការនាំយកតារាឆ្នើមអង់គ្លេសពីររូបទៀត មកកាន់ក្លិបរបស់ខ្លួន នៅទីផ្សារខែមករានេះផងដែរ។
ស្រដៀងទៅនឹងការផ្ទេររបស់ Cristiano Ronaldo ទៅអារ៉ាប៊ីសាអូឌីតដែរ Kane ដែលកំពុងបង្ហាញភាពលេចធ្លោនៅ Bayern អាចជាការបើកផ្លូវមួយ សម្រាប់កីឡាករអង់គ្លេសផ្សេងទៀត ដើម្បីយកគម្រូតាម។
យ៉ាងណាមិញ យោងតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា Eric Dier ជាកីឡាករដំបូង ដែលកំពុងមានពាក្យចចាមអារ៉ាម ក្នុងការផ្ទេរមកចូលរួមជាមួយ Kane ក្នុងទីក្រុង Munich ដោយខ្សែការពារ Spurs រូបនេះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សអាល្លឺម៉ង់រួចរាល់ហើយផងដែរ។
ទន្ទឹមនឹងនេះ Jordan Henderson ជាកីឡាករអង់គ្លេសម្នាក់ទៀត ដែលកំពុងភ្ជាប់ទំនាក់ទំនងខ្លាំង ក្នុងការផ្ទេរមកកាន់ប្រទេសអាឡឺម៉ង់ផងដែរ ដោយក្លិប Bayern កំពុងរៀបចំសំណើផ្តល់ជូនផ្លូវការមួយ សម្រាប់គេនៅទីផ្សារខែនេះ។
បន្ថែមនេះ ប្រភពពី talkSPORT បានអះអាងទៀតថា Henderson ខ្លួនឯងផ្ទាល់ហាក់កំពុងស្វែងរកឱកាសក្នុងការចាកចេញពីក្លិបអារ៉ាប៊ីសាអូឌីត វិញ បន្ទាប់ពីបានចូលរួមជាមួយ Al Ettifaq កាលពីរដូវក្តៅកន្លងទៅ ពីក្លិប Liverpool៕