ក្លឹបនៃលីគកំពូលតួកគី Besiktas បានប្រកាសតែងតាំងអតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos ជាអ្នកចាត់ការថ្មី ដោយពួកគេរំពឹងថា អាចទទួលបានឱកាសចូលរួម UEFA Champions League នារដូវកាលក្រោយៗ។
លោក Santos បានដឹកនាំក្រុមព័រទុយហ្កាល់ឈ្នះជើងឯក Euro 2016 ហើយក៏ទទួលបានជោគជ័យកាលដឹកនាំនៅក្រិកផងដែរ។ បុរសវ័យ៦៩ឆ្នាំ បានផ្លាស់ទៅតួកគី បន្ទាប់ពីបានដឹកនាំ ក្រុមជម្រើសជាតិប៉ូឡូញ បានមួយរយៈ ដោយមិនអាចជួយពួកគេទទួលបានកៅអី Euro 2024។
បច្ចុប្បន្ន Besiktas កំពុងឈរនៅលេខ៦ ក្នុងតារាង Super Lig នៅពាក់កណ្ដាលរដូវកាល ហើយមានគម្លាត១៨ពិន្ទុ ពីកៅអី Champions League។
រំឭកថា លោក Santos ធ្លាប់លេងជាខ្សែការពារកាលនៅជាកីឡាករ ហើយលោកបានសម្រេចចិត្តចូលនិវត្តនាឆ្នាំ១៩៨៧ ហើយក្លាយជាគ្រូបង្វឹកមកទល់នឹងបច្ចុប្បន្ន៕