នៅប្រកួតយកឈ្នះ ៤-០ ទៅលើ Girona ថ្ងៃមុន ខាងស្តេចស Real Madrid បានខូចជើងកីឡាករសំខាន់មួយរូប នោះគឺ Jude Bellingham ដោយការបញ្ជាក់ចុងក្រោយពីអ្នកចាត់ការលោក Carlo Ancelotti ស្ថានភាពរបស់គេក៏ធ្ងន់ធ្ងរគួរសម ហើយទាមទារពេលវេលាសម្រាកចូល ៣ ទៅ ៤ សប្តាហ៍។
គេមានរបួសត្រង់ផ្នែកកជើង ដែលនេះនឹងបន្ថែមអវត្តមានកីឡាករធំៗក្នុងជំនួបសំខាន់ Champions League ត្រៀមចូលមកដល់ខាងមុខផង។ ក្រៅតែពី Bellingham ខាង Madrid នឹងត្រូវអវត្តមាន Antonio Rudiger, Thibaut Courtois, Eder Militao និង David Alaba សុទ្ធតែជាអ្នកឆ្លងកាត់របួសធ្ងន់កន្លងមក។
យ៉ាងណាងាកមក Bellingham រាប់ជាការបាត់បង់ធំ ត្រង់រយៈពេលចុងក្រោយបើនៅ La Liga គេជា Top Scorer ហើយរកបានដល់ទៅ ១៦ គ្រាប់។ ដំបូងឡើយ Ancelotti គិតថាជារបួសស្រាល តែដល់ជាក់ស្តែងមិនស្រាលដូចការគិតឡើយ ពោលចាំបាច់ទាមទាររកអ្នកមកជំនួស អាចជាសិស្សប្អូននៅថ្នាល ឬតួរងណាមួយនោះឯង។
សរុបជារួម អវត្តមានរបស់កីឡាករអង់គ្លេស ក្រៅតែពីអវត្តមានទាំងពីរជើងទល់ RB Leipzig នាពាក់កណ្តាលសប្តាហ៍ខាងមុខតទៅ ទៀតសោតក៏ទំនងនឹងខកខានប្រកួតសំខាន់នៅ La Liga ដូចការប៉ះ Rayo Vallecano, Sevilla និង Valencia ជាដើមផងដែរ៕