ក្លឹប Bayern Munich កំពុងពិចារណានាំយក លោក Martin Demichelis មកកាន់តួនាទីជាអ្នកចាត់ការក្លឹប ជំនួសលោក Thomas Tuchel នារដូវកាលក្រោយ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sport1។
លោក Demichelis បច្ចុប្បន្នកំពុងកាន់តួនាទីជាអ្នកចាត់ការក្លឹប River Plate ហើយលោកនៅសល់កិច្ចសន្យានៅទីនោះ ដល់ខែធ្នូ ឆ្នាំ២០២៥។
អ្នកគាំទ្រ Bayern Munich ជំនាន់មុន ប្រហែលជាស្គាល់គ្រូបង្វឹករូបនេះ ដោយសារលោកធ្លាប់ជាកីឡាករដែលលេងឱ្យក្លឹបអាល្លឺម៉ង់មួយនេះ រវាងឆ្នាំ២០០៣ ដល់ ២០១០ ហើយយោងតាម Sport1 បុរសជនជាតិអាហ្សង់ទីនរូបនេះ ជាបេក្ខភាពជួរមុខមួយរូបដើម្បីកាន់តួនាទីបន្ដពីលោក Tuchel ដែលនឹងចាកចេញក្រោយចប់រដូវកាលនេះ។
លោក Demichelis បង្ហាញខ្លួន២៥៩ប្រកួតសម្រាប់ Bayern ហើយរកគ្រាប់បាល់បាន១៥គ្រាប់ និង assist ៩ដង។ លោកបានបង្ហាញខ្លួនលើកដំបូងសម្រាប់ Bayern ក្នុងការប្រកួត German Cup នាខែសីហា ឆ្នាំ២០០៣៕