Barcelona ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍គ្រូបង្វឹកលំដាប់កំពូលមួយចំនួនសម្រាប់មកកាន់តំណែងអ្នកចាត់ការរបស់ក្លឹបនារដូវក្ដៅកាលថ្មីខាងមុខ បន្ទាប់លោក Xavi Hernandez បានប្រកាសចាកចេញពីតំណែងនាដំណាច់រដូវកាលនេះ។
ទន្ទឹមនឹងដំណឹងចចាមអារ៉ាមជាច្រើន លោក Pini Zahavi ភ្នាក់ងាររបស់លោក Hansi Flick បានបង្ហាញវត្តមាន ទៅទស្សនាការប្រកួតរបស់ Barcelona ក្នុងជំនួបទល់ Getafe។ លោក Flick ត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកទំនេរដែលមានប្រវត្តិជោគជ័យបំផុតម្នាក់ កាលលោកដឹកនាំ Bayern Munich ប៉ុន្ដែបើយោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ប្រធានក្លឹប Barcelona លោក Joan Laporta មិនបញ្ចូលឈ្មោះគ្រូបង្វឹកអាល្លឺម៉ង់រូបនេះ ទៅក្នុងបញ្ជីបេក្ខភាពអ្នកចាត់ការថ្មីរបស់ Barca នោះទេ។
លោក Roberto De Zerbi វ័យ៤៤ឆ្នាំ ត្រូវបានភ្ជាប់ជាមួយក្លឹបអ្នកមានបុណ្យ។ កាលពីថ្មីៗនេះ អ្នកដំណាងរបស់អ្នកចាត់ការក្លឹប Brighton រូបនេះ បានជួបពិភាក្សាជាមួយនឹងនាយកផ្នែកកីឡារបស់ Barcelona លោក Deco អំពីក្លឹបថ្មីដែលអ្នកចាត់ការរូបនេះអាចនឹងដឹកនាំ។
ទោះយ៉ាងណាក្ដី Barca ត្រូវតែចំណាយទៅលើការផ្ទេរ ដើម្បីអាចនាំយកលោក De Zerbi មកដឹកនាំ។ អ្នកចាត់ការរូបនេះ នៅសល់កុងត្រាជាមួយ Brighton រហូតដល់ឆ្នាំ២០២៨ ហើយមានតម្លៃផ្ដាច់កុងត្រា១០លានអឺរ៉ូ៕