ទន្ទឹមនឹងការបន្ដប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ក្លឹប Barcelona កំពុងពិចារណាដោះស្រាយដោយលក់ចេញកីឡាករមួយចំនួន នៅក្នុងទីផ្សាររដូវក្ដៅខាងមុខ។
យោងតាមប្រភពពីសារព័ត៌មាន Sport បានឱ្យដឹងថា បេក្ខភាពពីររូបដែលមានភាគរយខ្ពស់ក្នុងការត្រូវបានលក់ចេញពីក្លឹប នាទីផ្សាររដូវក្ដៅគឺ ខ្សែប្រយុទ្ធ Raphinha និងខ្សែការពារ Joules Kounde។
កីឡាករប្រេស៊ីល Raphinha ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអារ៉ាប៊ី សាអ៊ូឌីត ស្របពេលដែលរូបគេមានការភ្ជាប់ទៅនឹងការត្រលប់ទៅ Premier League វិញផងដែរ។
Barcelona អាចនឹងមានជម្រើសច្រើននៅតំបន់ការពារកណ្ដាលរដូវកាលក្រោយ ជាមួយនឹងការត្រលប់មកវិញរបស់ Eric Garcia និង Chadi Riad ហើយ Kounde ត្រូវបានមើលឃើញថា ជាកីឡាករគួរតែត្រូវបានលក់ ដោយសារគេលែងជាផ្នែកសំខាន់បំផុតនៅក្នុងក្រុមតទៅទៀត ហើយគេអាចនឹងមានតម្លៃផ្ទេរខ្ពស់ផងដែរ៕