អ្នកចាត់ការ Mikel Arteta របស់ក្លឹប Arsenal បានកំណត់មុខសញ្ញាកីឡាករបីរូបដែលលោកចង់នាំចូល នាទីផ្សាររដូវក្ដៅខាងមុខ ដែលរួមមាន Benjamin Sesko, Viktor Gyokeres និង Evan Ferguson នេះបើយោងតាមប្រភពពី The Sun។
ក្លឹបកាំភ្លើងធំ កំពុងធ្វើការជុំវិញ ការបន្ដកិច្ចសន្យាថ្មីសម្រាប់ខ្សែបម្រើ Jorginho ប៉ុន្ដែពួកគេក៏ត្រូវការខ្សែប្រយុទ្ធមុតស្រួច ពោរពេញទៅដោយសក្ដានុពល ដើម្បីជួយបង្កើនឱកាសប្រជែងពានរង្វាន់នានា ក្នុងរដូវកាលបន្ទាប់ផងដែរ។
ហើយលោក Arteta បានបញ្ចូលឈ្មោះកីឡាករបីរូប ទៅក្នុងបញ្ជីខ្សែប្រយុទ្ធដែលក្លឹបនឹងនាំមកកាន់ទឹកដី Emirates។
យោងតាម The Sun បានរាយការណ៍ថា Evan Ferguson ជាគោលដៅដែលលោក Arteta បានជ្រើសរើស សម្រាប់នាំចូលនារដូវក្ដៅខាមុខ។ កីឡាករវ័យ១៩ឆ្នាំ រកគ្រាប់បាល់៦គ្រាប់ និង assist មួយគ្រាប់សម្រាប់ក្រុម Brighton នារដូវកាលនេះ។
ដោយឡែកក្លឹបកាំភ្លើងធំក៏ចាប់អារម្មណ៍កីឡាករនៅលីគព័រទុយហ្កាល់ផងដែរ គឺខ្សែប្រយុទ្ធ Viktor Gyokeres ដែលរកគ្រាប់បាល់៣១គ្រាប់ និង assist ១១លើក ពីការបង្ហាញខ្លួន៣៤ប្រកួត។ ហើយចុងក្រោយគឺខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig ដែលទើបបានចូលរួមក្លឹបអាល្លឺម៉ង់ ពី RB Salzburg នាពេលថ្មីៗនេះ៕