ការប្រកួតវាយកូនបាល់កម្រិត ATP Tour 500 កម្មវិធី Dubai Tennis Championships 2024 បានបញ្ចប់រួចរាល់ហើយ ក្រោយពីដំណើរការការប្រកួត១សប្តាហ៍កន្លងមកនាទីក្រុង Dubai សហព័ន្ធអារ៉ាប់រួម។
នៅក្នុងនោះគេ ក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករបារាំង Ugo Humbert ដោយរូបគេបានយកឈ្នះទៅលើកីឡាករកាហ្សាក់ស្ថាន Alexander Bublik នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-4 និង 6-3។
វាគឺជាពានរង្វាន់ទី២ហើយ ដែល Ugo Humbert បានឈ្នះនៅក្នុងការប្រកួតរដូវកាលនេះ បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់ Open 13 ដែលធ្វើឡើងនាស្រុកកំណើតប្រទេសបារាំង កាលពីខែកុម្ភៈ កន្លងទៅ។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ កម្មវិធី Dubai Tennis Championships 2024 គឺជាការដំណើរការលើកទី៣២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៩សែនដុល្លារអាមេរិក៕