ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកកិច្ចចរចាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់អ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Ederson ។
ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីល រូបនេះបានសាងកេរ្តិ៍ឈ្មោះក្លាយជាអ្នកចាំទីដ៏ល្អបំផុតមួយ ក្នុងពិភពលោក ចាប់តាំងពបានចូលរួមជាមួយ Man City ពីក្រុម Benfica ក្នុងឆ្នាំ២០១៧មក។ ដោយក្នុងនោះ Ederson បានបង្ហាញខ្លួនជាង ៣២៥ ដង និងឆ្នាះពានរង្វាន់ធំៗជាច្រើនផងដែរ។
ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថាក្លិប Man City កំពុងរៀបចំការពិភាក្សាលើការបន្ថែមកិច្ចសន្យាថ្មី ជាមួយអ្នកចាំទីដៃទីមួយរបស់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ជាមួយនឹង Ederson ដែលបច្ចុប្បន្នកំពុងរកបានប្រហែល ១២០ ០០០ផោនក្នុងមួយសប្តាហ៍នោះ ក្លិប Man City កំពុងមានឆន្ទៈក្នុងការបង្កើនចំនួននោះដល់ ២០០ ០០០ផោន ដើម្បីទាក់ទាញកីឡាករវ័យ ៣០ ឆ្នាំ ឲ្យបន្តស្នាក់នៅក្លិបរយ:ពេលវែងទៅមុខទៀត៕