ខ្សែបម្រើចាស់វស្សា Toni Kroos បានបង្ហាញការជឿជាក់ថាក្រុម Real Madrid របស់ខ្លួនល្អគ្រប់គ្រាន់ហើយ ដូច្នេះពួកគេមិនចាំបាច់ត្រូវការវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប PSG កីឡាករ Kylian Mbappe ក៏បានដែរ។

ជាក់ស្តែង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Mbappe ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Bernabeu និងបានបរាជ័យជាច្រើនលើកច្រើនសារមកហើយនោះ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ វាត្រូវបានគេជឿជាក់ថា Mbappe បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយក្លិប Madrid បើទោះបីជាភាគីក្លិបទាំងពីរ ហាក់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងនេះក៏ដោយ។
ដោយឡែក ក្នុងអំឡុងបទសម្ភាសមួយ នៅពេលត្រូវបានសួរអំពីការមកដល់នាពេលអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ Kroos ហាក់ដូចជាមិនបានចាប់អារម្មណ៍ ចំពោះការផ្ទេររបស់គេមកកាន់ក្លិ Madrid នោះឡើយ។
លើសពីនេះ Kroos ថែមទាំងបាននិយាយទៀតថា៖ “ប្រសិនបើសូម្បីតែគាត់មិនដឹងថាអនាគតទៅជាបែបណាផង តើខ្ញុំអាចដឹងដោយរបៀបណាទៅ? ប៉ុន្តែអ្វីដែលសំខាន់គឺជ័យជម្នះ វាពិតជាល្អណាស់សម្រាប់ Madrid ។ ប៉ុន្តែខ្ញុំគិតថាយើងមានក្រុមល្អរួចស្រេចទៅហើយ“៕