ការខាតបង់ប្រាក់ចំនួន ១៤៧,៦លានដុល្លារ ក្នុងរដូវកាល ២០២៣-២៤ កើតឡើង ក្រោយពេលក្លិបបានខាតបង់ប្រាក់ប្រមាណចំនួន ២៨,៧លានផោន(៣៧,៤លានដុល្លារ) ក្នុងរដូវកាល ២០២២-២៣។ សរុបការខាតបង់ប្រាក់ចំនួន ៥ រដូវកាលចុងក្រោយរបស់ក្លិប Man Utd មានទំហំទឹកប្រាក់ប្រមាណ ៣៧០លានផោន(៤៨២,៥លានដុល្លារ)។
ការខាតបង់ប្រាក់ប្រមាណចំនួន ១៤៧,៦លានដុល្លារ ក្នុងរដូវកាលទី ២០២៤-២៥ បានកើតឡើងអំឡុងពេលដែលក្លិបបានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ៨ នៃក្របខណ្ឌ Premier League និងធ្លាក់ចេញពី UEFA Champions League ក្នុងនាមជាក្រុមបាតតារាងក្នុងពូល។ ប៉ុន្តែក្រុមបានប្រជែងឈ្នះពាន FA Cup មកវិញ នៅចុងរដូវកាល ដើម្បីដោះស្រាយស្ថានការណ៍។
បើទោះបីលទ្ធផលផ្នែកហិរញ្ញវត្ថុត្រូវបានបង្ហាញបែបនេះ តែក្លិបរហស្សនាមបិសាចក្រហមមិនបានរំពឹងឡើយថា ក្លិបនឹងបានបំពានច្បាប់របស់ក្របខណ្ឌ Premier League ទៅលើច្បាប់ប្រាក់ចំណូលចំណាយហិរញ្ញវត្ថុ និងនិរន្តរភាព នោះឡើយ។ ទៅបញ្ហាប្រឈមនឹងច្បាប់ប្រាក់ចំណូល ក្លិប Man Utd ហាក់បង្ហាញថាពួកគេបានគិតគូច្បាស់លាស់រួចរាល់រួចទៅហើយ ទៅលើរឿងទាំងនេះ និងមិនឱ្យប៉ះពាល់បង្កជាបញ្ហាមកលើក្លិបបន្ថែម។
«ក្លិបនៅតែប្តេជ្ញាចិត្ត និងអនុលោមតាមជានិច្ច ទាំងច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League និងបទបញ្ញាត្តិហិរញ្ញវត្ថុរបស់ UEFA។»។ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Man Utd លោក Omar Berrada។
កាលពីរដូវកាលមុន ក៏ជាពេលដែលលោក Sir Jim Ratcliffe មហាសេដ្ឋីប្រទេសអង់គ្លេស បានសម្រេចចិត្តទិញយកភាគហ៊ុនក្លិបបិសាចក្រហម ចំនួន ២៧.៧ភាគរយ ដើម្បីអភិវឌ្ឍក្លិបទៅរកភាពខ្លាំងឡើងវិញ ប៉ុន្តែយ៉ាងណា ក្លិបនៅតែមិនអាចដោះស្រាយបញ្ហាខាតបង់ផ្នែកហិរញ្ញវត្ថុ។ កាលពីខែកក្កដា ក្លិប Man Utd បានកាត់ការងារបុគ្គលិកមិនចាំបាច់ចំនួន ២៥០កន្លែង ដើម្បីជាការកាត់បន្ថយចំណាយក្នុងក្លិប។
នៅក្នុងការប្រកាសអំពីរបាយការណ៍ប្រាក់ចំណូល និងចំណាយរបស់ខ្លួន ក្លិបបិសាចក្រហមក៏បានបង្ហាញក្តីរំពឹងទៀតថា ក្លិបចង់សន្សំប្រាក់ចំណូលឱ្យបានពីចន្លោះ ៣០លានផោន(៣៩,១លានដុល្លារ) ទៅ ៣៥លានផោន(៤៥,៦លានដុល្លារ) ឱ្យបានក្នុងពេល ២ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ឡើងទៅ។ មិនត្រឹមតែប៉ុណ្ណោះ Man Utd ក៏បានបង្ហាញក្តីរំពឹងថាពួកគេនឹងអាចរកបានប្រាក់ចំណូលបានឡើងវិញ ពីចន្លោះ ៦៥០លានផោន(៨៤៧,៦លានដុល្លារ) ទៅដល់ ៦៧០លានផោន(៨៧៣,៧លានដុល្លារ) នៅឆ្នាំ ២០២៥ ក្រោយពេលប្រាក់ចំណូលសរុបក្នុងរដូវកាលឆ្នាំ ២០២៣-២៤ ក្លិបរកបាន ៦៦១,៨លានផោន(៨៦២លានដុល្លារ)។
លើសពីនេះទៅទៀត ក្លិប Man Utd ក៏បានបង្ហាញអំពីបំណុលដែលពួកគេកំពុងតែនៅមានប្រមាណ ៤៩៦,៥លានផោន(៦៥០លានដុល្លារ) ហើយថែមទាំងបញ្ជាក់ថាក្លិបកំពុងមានកម្ចីបន្ថែមប្រមាណចំនួន ៣៥,៦លានផោន(៤៦,៤លានដុល្លារ។
បច្ចុប្បន្នក្លិបបិសាចក្រហម នឹងត្រូវប្រកួតប្រជែងក្នុងពានរង្វាន់ដូចជា Premier League, Europa League, FA Cup និង EFL Cup ប៉ុន្តែយ៉ាងណាការប្រកួត ៣ប្រកួត ដំបូងនៅដើមរដូវកាលលីគកំពូលអង់គ្លេស ក្រុមជួបបរាជ័យចំនួន ២ប្រកួត រួចមកហើយ៕