ម្ចាស់ការពារជើងឯកថៃ ត្រូវទទួលភ្ញៀវវៀតណាម ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFF Cup ជើងទី១ នៅកីឡដ្ឋាន Rajamangala ថ្ងៃទី៥ ខែមករា វេលាម៉ោង ៨យប់។ ទោះនាំមុខ ២-១ នៅជើងទី១ តែគ្រូបង្វឹកវៀតណាមលោក Kim Sang-sik មិនប្រើយុទ្ធសាស្ត្រទប់យកស្មើឡើយ។ លោក Masatada Ishii គ្រូបង្វឹកថៃ សន្យាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្ត និងរំពឹងឈានដល់វគ្គកាត់ក្តីប៉េណាល់ទី។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Kim Sang-sik បានកំណត់គោលដៅរបស់ខ្លួនជួយវៀតណាមលើពានរង្វាន់កម្រិតតំបន់អាស៊ានឆ្នាំ ២០២៤។ លោកអះអាងថា វៀតណាមនឹងមិនលេងទប់យកស្មើនៅជើងទី២ឡើយ ពោលគឺបន្តយកឈ្នះនៅក្រុងបាងកកបន្ថែមទៀត។ នៅជើងទី១ ដែលធ្វើឡើងនៅកីឡដ្ឋាន Viet Tri ខេត្ត Phu Tho ប្រទេសវៀតណាម ក្រុមលោក Kim បានយកឈ្នះថៃ ២-១ ដែល២គ្រាប់សម្រេចបានដោយខ្សែប្រយុទ្ធចូលសញ្ជាតិ Rafaelson (Nguyen Xuan Son)។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅទីក្រុងបាងកក លោក Kim លើកឡើងថា៖«យើងដឹងថាថៃខ្លាំងនៅលើទឹកដីរបស់ពួកគេ ហើយនឹងប្រើការវាយលុក និងដាក់សម្ពាធ។ ប៉ុន្តែយើងមិនមានការភិតភ័យអ្វីទេ។ យើងបានរៀបចំក្រុមយ៉ាងល្អ និងត្រៀមខ្លួនជាស្រេចដើម្បីទទួលបានជើងឯក ជាមួយនឹងជ័យជម្នះបន្ថែមទៀត»។ ដោយឡែកលោក Masatada Ishii គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបង្ហាញការជឿជាក់លើកូនក្រុមសម្រាប់ជំនួបជើងទី២នេះ បើទោះកីឡាករសំខាន់មួយចំនួនរបួសក៏ដោយ។ «យើងចាញ់ ២-១ មិនមែនដោយសារកំហុសទេ តែដោយសារមិនអាចការពារពួកគេបាន។ យើងនឹងព្យាយាមជួសជុលនៅជើងទី២ ជាមួយវៀតណាម។ ខ្ញុំព្យាយាមរៀបចំគ្រប់ផែនការតាមដែលអាចធ្វើទៅបាន ហើយគោលដៅគឺឈានដល់ការស៊ុតបាល់ប៉េណាល់ទី»។ នេះជាការលើកឡើងរបស់គ្រូសញ្ជាតិជប៉ុន មុនអរគុណអ្នកគាំទ្រក្រុមដំរីសង្គ្រាម ដែលនៅតែជឿជាក់ ស្របពេលសមាជិកក្រុមទាំងអស់នឹងប្រឹងអស់ពីសមត្ថភាពដើម្បីតមស្នងអ្នកគាំទ្រវិញ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ២១លើកមកហើយ ក្នុងនោះថៃទទួលបានលទ្ធផលប្រសើរជាង ដោយឈ្នះ១១លើក ស្របពេលវៀតណាមឈ្នះ៣លើក និងស្មើ៧លើក។ គិតតែក្នុង AFF Cup ចំនួន១១លើក ថៃ ឈ្នះ៥ ចាញ់២ និងស្មើ ៤លើក។ ថៃ គ្រងជើងឯក ៧លើកច្រើនជាងគេ ស្របពេលវៀតណាម ធ្លាប់ឈ្នះ២លើក៕