Mohamed Salah បង្ហាញអារម្មណ៍រំភើបទាក់ទងនឹងក្រុម ដែលបានប្រកួតប្រជែងហើយបន្តឈរកំពូលតារាង Premier League ដោយមានពិន្ទុនាំមុខដាច់នៅត្រឹមពាក់កណ្តាលរដូវកាល ២០២៤-២៥។ ខ្សែប្រយុទ្ធអេហ្ស៊ីប ដាស់តឿនសមាជិកក្រុម ត្រូវបន្ទាបខ្លួនមិនអាចមើលស្រាលក្រុមដទៃឡើយ។
ការលើកឡើងរបស់ Salah កើតចេញពីការស្រែកច្រៀងពីសំណាក់អ្នកគាំទ្រហង្សក្រហម ថា «Liverpool នៅកំពូលតារាង»។ ការស្រែកច្រៀងនោះធ្វើឡើងក្រោយ ពីកីឡាករ Curtis Jones រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី នៅការប្រកួតទី១០០ ក្នុងក្របខណ្ឌ Premier League ហើយបានជួយឱ្យ Liverpool បើកការនាំមុខទៅលើក្រុម Leicester City លទ្ធផល ២-១ វិញ។ ក្រោយមក Salah ក៏ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ នៅនាទី៨២ ជាគ្រាប់ជ័យជម្នះ ហើយកីឡាករវ័យ ៣២ឆ្នាំ ក៏រកបានគ្រាប់បាល់ទី ១៩ របស់គេក្នុងរដូវកាលនេះ។ Liverpool មកដល់ពេលនេះពួកគេឈរនៅកំពូលតារាងលីគកំពូលអង់គ្លេស ដោយមានគម្លាតពិន្ទុដាច់ ៧ពិន្ទុ ពីក្រុមលេខ ២ Chelsea និងសល់ ១ប្រកួតក្នុងដៃ។ កាលពីរដូវកាល ២០១៨-១៩ ក្រុមហង្សក្រហមក៏ធ្លាប់ឈរកំពូលតារាងដោយមានគម្លាតពិន្ទុដាច់ដូចគ្នានេះដែរ ពោលកាលនោះពួកគេដាច់ ១០ពិន្ទុ នៅពាក់កណ្តាលរដូវកាល ប៉ុន្តែចុងក្រោយ Man City ជាក្រុមឈ្នះពាន។ តារាបាល់ទាត់អេហ្ស៊ីប បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Amazon Prime ក្រោយចប់ការប្រកួតដូច្នេះថា៖«វាគឺជាអារម្មណ៍មួយដ៏ប្លែក ប៉ុន្តែរឿងដែលសំខាន់បំផុតនោះ យើងត្រូវតែបន្ទាបខ្លួនមិនមើលស្រាលគូប្រកួតនោះទេ។ វាគឺជារឿងដែលពិសេសបំផុតមួយ សង្ឃឹមថាយើងនឹងអាចឈ្នះពានរង្វាន់ Premier League សម្រាប់ក្លិប និងអ្នកគាំទ្រ»។ Liverpool នឹងមានគម្លាតចំនួន ១០ពិន្ទុ ដាច់ចេញពីក្រុម Chelsea ប្រសិនបើពួកគេអាចបន្តយកឈ្នះការប្រកួតទល់នឹងក្រុម West Ham United នៅថ្ងៃទី៣០ ខែធ្នូ។ ក្រុមហង្សក្រហម បានបង្ហាញកម្រិតសមត្ថភាពខ្លាំងឡើងវិញ ក្រោយពីការចូលមកដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot ដែលចាកចេញពីក្រុម Feyenoord មកកាន់ទឹកដីអង់គ្លេស។ មិនត្រឹមតែឈរនៅកំពូលតារាង Premier League តែមួយនោះឡើយ តែពួកគេក៏ជាក្រុមដែលឈរកំពូលតារាងនៅពានរង្វាន់ UEFA Champions League ហើយនៅការប្រកួតពានរង្វាន់ EFL Cup ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថែមទៀត។ ឆ្លងកាត់ ២៦ប្រកួតមកនេះ Liverpool ដណ្តើមជ័យជម្នះរហូតដល់ទៅ ២២លើក រួចមកហើយ ស្ថិតក្រោមការដឹកនាំរបស់លោក Slot។ ដោយឡែកការាប្រកួតនៅថ្ងៃទី៣០ ធ្នូ នឹងក្លាយជាការប្រកួតចុងបញ្ចប់របស់ Liverpool សម្រាប់ឆ្នាំ ២០២៤។ កាលពីចាប់ផ្តើមឆ្នាំ ២០២៤ ក្រុមហង្សក្រហមបានផ្តួលជើងខ្លាំង Newcastle United លទ្ធផល ៤-២ ប៉ុន្តែកាលនោះក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Jurgen Klopp ហើយកាលនោះក្រុមក៏ឈរនៅកំពូលតារាងមានគម្លាតពិន្ទុ ៣ពិន្ទុ ប៉ុន្តែចុងក្រោយធ្លាក់ទៅលេខ ៣ ហើយ Man City ដណ្តើមបានពាន ដោយរកបានពិន្ទុដាច់ ៩ពិន្ទុវិញ។ កាលពីចុងឆ្នាំ ២០២៣ Liverpool បញ្ចប់ការប្រកួតចុងក្រោយដាច់ឆ្នាំ ដោយយកឈ្នះលើគូប្រកួតលទ្ធផល ៣-១ ក្នុងទឹកដី។ ឆ្នាំ ២០២៤ ទៀតសោតក៏ជាឆ្នាំដ៏ល្អរបស់ក្រុមហង្សក្រហម ដោយពួកគេបានយកឈ្នះការប្រកួតចំនួន ១៥លើក ពីចំនួន ១៩ប្រកួត ស្ថិតក្នុងទឹកដី Anfield ហើយរបូតត្រឹមតែ ១០ពិន្ទុ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រោយពីឆ្លងកាត់ការប្រកួតចំនួន ១៧ប្រកួត Liverpool ឈរនៅកំពូលតារាងដោយមានចំនួន ៤២ពិន្ទុ ចំណោមការប្រកួតទាំងនោះគឺក្រុមរបស់លោក Slot យកឈ្នះការប្រកួតចំនួន ១៣លើក ស្មើ ៣ និងចាញ់ ១លើក៕