ថ្មីៗនេះ ខ្សែការពារ Marcos Alonso របស់ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់បំផុតមួយ សម្រាប់ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League នៅទីផ្សាររដូវក្តៅនេះ។ កាលពីរដូវក្តៅមុន Alonso បានបញ្ចប់ពេលវេលារបស់ខ្លួនជាមួយក្លិប Chelsea ដើម្បីផ្ទេរមកកាន់ទឹកដី Camp Nou និងជាកន្លែងដែលគេបានក្លាយជាសមាជិកដ៏សំខាន់មួយ សម្រាប់ក្រុមរបស់លោក Xavi ។
ប៉ុន្តែមួយរយ:ពេលចុងក្រោយនេះ Alonso ហាក់បាត់បង់តំណែងរបស់ខ្លួន ជាពិសេសនៅពេលដែលគេក៏មិនទាន់អាចចុះឈ្មោះចូលទៅក្នុងបញ្ជីក្រុមបច្ចុប្បន្ន សម្រាប់រដូវកាលនេះបានផងដែរ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ដែលកំពុងបន្តរបស់ Barcelona ។
យោងតាមអ្នកកាសែត Gerard Romero បានអះអាងឱ្យដឹងថា ក្លិបនៅក្របខ័ណ្ឌ Premier League ដែលមិនបញ្ចេញឈ្មោះមួយ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្តល់ជូនឱ្យ Alonso នូវឱកាស ដើម្បីវិលត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ សារជាថ្មី។
តែទោះបីជាមានការលើកឡើងកន្លងមកថា Alonso ចង់បន្តនៅ Barcelona ក៏ដោយ តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេនិយាយថាកំពុងវាយតម្លៃថាគេគួរពិចារណាលើការផ្ទេរ ទៅកន្លែងផ្សេងដែរឬអត់៕