ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានចាប់អារម្មណ៍ក្នុងការបន្ថែមខ្សែការពារ Alphonso Davies របស់ក្រុម Bayern Munich ទៅកាន់ក្រុមរបស់ខ្លួន នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំ ២០២៤ ខាងមុខ។
ជាក់ស្តែង កីឡាករសញ្ជាតិកាណាដារូបនេះ បានចូលរួមជាមួយក្រុម Bayern នៅក្នុងឆ្នាំ ២០១៨ មក ហើយចាប់តាំងពីពេលនោះមក គេបានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ក្រុមអាល្លឺម៉ង់ និងថែមទាំងត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតមួយ សម្រាប់តំណែងលេងរបស់គេថែមទៀតផង។
យ៉ាងណាមិញ កុងត្រាបច្ចុប្បន្នរបស់ Davies ជាមួយក្រុម Bundesliga នៅសល់តិចជា ២ ឆ្នាំទៀតប៉ុណ្ណោះ ហើយបើតាមការចុះផ្សាយពីកាសែត Marca បានរាយការណ៍ថា កីឡាកររូបនេះ ហាក់គ្មានចេតនាចង់បន្តកុងត្រាថ្មីណាមួយបន្ថែមទៀតនោះឡើយ។
ប្រភពដដែលនេះ បានអះអាងទៀតថា កីឡាករវ័យ ២២ ឆ្នាំរូបនេះ ចង់ចាប់យកឱកាស ទៅលេងនៅកន្លែងផ្សេង ជាពិសេសនៅពេលដែលក្លិប R.Madrid ហាក់បង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើរូបគេ នៅទីផ្សាររដូវក្តៅក្រោយ។
ទន្ទឹមនឹងនេះ ក្លិប Bayern ឯណោះវិញ ក៏ទំនងជាមិនចង់ប្រថុយបាត់បង់ Davies ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ២០២៥ ផងដែរ ប្រសិនបើគេបន្តបដិសេធមិនព្រមទទួលយកការផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀតនោះ៕