ថ្មីៗនេះ ក្លិប Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងកំណត់គោលដៅទៅលើអតីតខ្សែបម្រើរបស់ខ្លួន គឺលោក Xabi Alonso ជាអ្នកជាអ្នកចាត់ការថ្មីរបស់ខ្លួន ប្រសិនបើលោក Jurgen Klopp សម្រេចចិត្តចាកចេញពីទឹកដី Anfield នោះ។
ជាក់ស្តែង អនាគតរបស់លោក Klopp នៅក្លិប Liverpool កំពុងស្ថិតនៅក្នុងភាពសង្ស័យខ្លាំង ពោលគឺចាប់តាំងពីគាត់បានភ្ជាប់ទំនាក់ទំនងជាមួយនឹងតំណែងអ្នកចាត់ការថ្មីរបស់អាល្លឺម៉ង់ ដែលកំពុងទំនេរ ក្រោយពីការបណ្តេញលោក Hansi Flick កាលពីថ្ងៃអាទិត្យ។
ហើយយ៉ាងណាមិញ បើយោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា ក្រុម Liverpool ថ្មីៗនេះបានដាក់ផែនការរួចរាល់ហើយ ដើម្បីរៀបចំនៅពេលដែលលោក Klopp សម្រេចចិត្តស្វែងរកកន្លែងថ្មី ហើយអតីតខ្សែបម្រើក្រុមហង្សក្រហម លោក Alonso ត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលមួយ។
ដំបូងឡើយ Liverpool បានចាត់ទុកវីរបុរសក្លិប លោក Steven Gerrard ថាជាអ្នកស្នងតំណែងរយៈពេលវែងរបស់ Klopp ប៉ុន្តែដោយសារតែមើលឃើញពីការដឹកនាំមិនសូវល្អរបស់គាត់ អំឡុងពេលនៅ Aston Villa និងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនាពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យក្លិប សម្រេចងាកទៅរកជម្រើសផ្សេងវិញ៕