បើតាមសារព័ត៌មាន Sky Sports ចុះផ្សាយថា ខ្សែប្រយុទ្ធបារាំង Paris Saint-Germain កំពុងបើកភ្លើងខៀវទទួលយកការចរចាកុងត្រាថ្មីហើយ ពោលនៅតែក្រោមក្លឹបមេ មិនចាកចេញទៅណាទាំងអស់។ យ៉ាងណាការសម្រេចចិត្តរបស់គេ មានពីរជម្រើស ដោយមួយបន្តលើកុងត្រាចាស់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ និងមួយទៀតគឺរៀបចំកិច្ចព្រមព្រៀងថ្មីទាំងស្រុងតែម្តង [រយៈពេលយូរ]។
សព្វថ្ងៃគេសល់សុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយអាចក្លាយជា Free Agent ទទួលការចរចាសេរីត្រឹមខែមករាដើមឆ្នាំ។ ដ្បិតបើមានដំណឹងប្រទាក់ក្រឡាផ្ទេរទៅក្លឹបអធិរាជស Real Madrid ម្តងហើយម្តងទៀត ក៏ទីបញ្ចប់ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ នៅតែជ្រើសយកក្លឹបនៅដីកំណើតដដែល។
ប្រភពបានឲ្យដឹងថា កីឡាករហាក់ជ្រើសយកការតកុងត្រាថ្មីពីលើកុងត្រាចាស់មួយឆ្នាំ មានន័យដល់ពាក់កណ្តាលឆ្នាំ ២០២៥ នោះឯង ជាជាងការបន្តថ្មីរយៈពេលយូរ ព្រោះអីចំណង់ក្នុងការផ្ទេរទៅក្លឹបក្នុងក្តីស្រមៃក៏នៅតែមាន ម្ល៉េះជឿថា ឱកាសគិតគូរវាម្តងទៀត អាចនឹងធ្វើទៅបាននៅពេលក្រោយ។
គួរឲ្យដឹងថា កីឡាករបានចូលរួមប្រកួតជាថ្មីឲ្យក្លឹបដឹកនាំ ដោយអ្នកចាត់ការលោក Luis Enrique កាលពេលកន្លងទៅ បន្ទាប់ផ្អាក និងដកឈ្មោះឲ្យទៅហ្វឹកហាត់ជាមួយឈុតតូចអស់ប៉ុន្មានសប្តាហ៍។ ប្រកួតបន្ទាប់ទៀតរបស់ក្លឹប នឹងត្រូវតតាំងក្លឹប Lens នៅម៉ោង ០២:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ សីហា៕