ក្លឹបបិសាចក្រហម Manchester United កំពុងតែបរាជ័យជាប់គ្នា ធ្លាក់មកឈរលេខ ១៣ នៅតារាង Premier League ឥឡូវថែមដំណឹងអាក្រក់ ខ្សត់ជើងក្រោម របួសការពារស្លាបស្តាំគឺ Aaron Wan-Bissaka ថែមទៀត ដែលទាមទារពេលវេលាសម្រាកច្រើនសប្តាហ៍។
ជាការពិតកន្លងមកកីឡាករអង់គ្លេសបានជាប់ជម្រើសដំបូង នៅថ្ងៃបរាជ័យក្រោមថ្វីជើង Brighton ១-៣ រួចគេឈរជើងដល់នាទី ៨៥ ក៏បង្ខំចិត្តប្តូរចេញ ដោយសារតែបញ្ហារបួសជួបប្រទះនោះឯង។ តាមការវាយតម្លៃពេលចុងក្រោយ ក្លឹបប្រកាសថាអាចជាសម្រាកដល់រយៈពេល ២ ខែឯណោះ។
វាកាន់តែជាដំណឹងអាក្រក់បំផុត ដ្បិតក្លឹបដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag នឹងត្រូវជួបគីឡូធ្ងន់របស់អាល្លឺម៉ង់ គឺ Bayern Munich នៅពាក់កណ្តាលសប្តាហ៍នេះផង ក្នុងពានរង្វាន់ UEFA Champions League វគ្គចែកពូល ជុំដំបូងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។
សម្រាប់ជម្រើសរបស់ក្លឹប ក៏នៅសេសសល់តួឯកសំខាន់ Diogo Dalot នៅតំណែងការពារស្លាបស្តាំ ឬក៏ច្នៃប្រើប្រាស់កីឡាករចាស់វស្សា Jonny Evans ដែលធ្លាប់ជាអតីតកីឡាករមួយរូប ដ្បិតគេលេងការពារកណ្តាល តែក្រៅពីជាស្រមោលរបស់តួឯក Lisandro Martinez ឬ Raphael Varane ម្ល៉េះក៏អាចបំពេញមកតំណែងស្លាបបានដែរ៕