ការប្រកួតក្របខ័ណ្ឌអឺរ៉ុប UEFA Champions League បានចូលមកដល់ទៀតហើយសម្រាប់រដូវកាលថ្មី ២០២៣/២៤ រួចបើយើងទៅមើលក្លឹបអ្នកមានបុណ្យ Barcelona គឺកំណត់ត្រូវជួបគីឡូមធ្យម Antwerp នៅវេលាម៉ោង ០២:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី ២០ កញ្ញា ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។
យ៉ាងណាមុនការប្រកួតមកដល់ អ្នកចាត់ការលោក Xavi Hernandez ក៏បានបញ្ចេញមតិយោបល់មួយចំនួន ដោយសង្កត់ធ្ងន់ថា ក្លឹបរបស់ខ្លួនចាំបាច់ត្រូវតែឆ្លងផុតវគ្គចែកពូល ឬ Group Stage រដូវកាលថ្មីនេះសិន សឹមនិយាយអ្វីៗបន្តទៅមុខទៀត។ វាក៏ដោយសារតែ ៣ រដូវកាលជាប់ក្លឹបបានធ្លាក់ត្រឹមវគ្គ ៣២ ក្រុម ឥតបានឆ្លងផុត។
គ្រូសញ្ជាតិអេស្ប៉ាញ លើកឡើង៖ “កីឡាករពិតជាកំពុងមានការសាទរនឹងលទ្ធផលសម្រេចបានកន្លងមក តែយើងមិនអាចឈ្លក់វង្វេងនឹងវាខ្លាំងពេកទេ ដោយយើងត្រូវរក្សាភាពជាខ្លួនឯង គោលដៅសម្រាប់ពេលនេះ គឺឆ្លងផុតវគ្គចែកពូលសិន សឹមយើងនិយាយអ្វីៗបន្ទាប់ទៅមុខទៀត”។
លោកបន្តថា៖ “កាលពីឆ្នាំមុន យើងមានទម្រង់លេងល្អ តែសម្រេចលទ្ធផលមិនបានល្អ នេះយើងត្រូវតែបង្ហាញម្តងទៀតទៅកាន់អ្នករាល់គ្នា ថាយើងអាចប្រកួតប្រជែងជាមួយភាពរឹងមាំ និងតស៊ូដើម្បីយកឈ្នះវាឲ្យបាន”៕