ក្លិប Real Madrid ក្នុងពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងកំណត់គោលដៅទៅលើអ្នកចាត់ការរបស់ក្រុម Brighton លោក Roberto De Zerbi ជាបេក្ខភាពកំពូលម្នាក់ ដើម្បីជំនួសតំណែងលោក Carlo Ancelotti នៅរដូវក្ដៅក្រោយ។
ជាការពិតណាស់ក្លិប Madrid កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីមានការប្រកាសថា លោក Ancelotti នឹងបញ្ចប់ការងាររបស់ខ្លួន ជាមួយក្លិប La Liga នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយលោកគ្រោងនឹងចូលដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលជំនួសវិញ នៅខែមិថុនាឆ្នាំក្រោយ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ Ancelotti បាននិយាយថាគាត់ចង់ឃើញអតីតតារាឆ្នើមរបស់ Madrid ឡើងមកជំនួសតំណែងរបស់ខ្លួន នៅទឹកដី Santiago Bernabeu ដោយក្នុងនោះ ក៏មានឈ្មោះរបស់ Xabi Alonso ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មានអេស្ប៉ាញ Cadena បានបង្ហាញថា ឥឡូវនេះ លោក De Zerbi ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅនេះផងដែរ ដោយបុរសសញ្ជាតិអ៊ីតាលីរូបនេះ បានចូលរួមជាមួយ Brighton កាលពីរដូវកាលមុន ហើយបានវិវត្តន៍ខ្លួនក្លាយជាអ្នកចាត់ការដ៏ល្អបំផុតមួយនៅ Premier League ៕