Monday, June 23, 2025
[the_ad_group id="102"]

អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ក្លាយជាម្ចាស់ផ្ទះ FIFA World Cup 2030 ខណៈអ៊ុយរុយហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ រួមចំណែករៀបចំការប្រកួតបើកឆាក

ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និង ម៉ារ៉ុក ត្រូវបានតែងតាំងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ខណៈប្រទេស អ៊ុយរុយហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នឹងចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបើកឆាកដើម្បីជាការរំឭកខួបគម្រប់១០០ឆ្នាំនៃការប្រកួតបាល់ទាត់ពិភពលោកមួយ។ នេះបើតាមការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ។

ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងក្នុងឆ្នាំ១៩៣០ ត្រូវបានប្រារព្ធឡើងក្នុងប្រទេសអ៊ុយរុយហ្គាយ ដោយក្នុងនោះដែរ ក្រុមម្ចាស់ផ្ទះបានក្លាយជាម្ចាស់ជើងឯកថែមទៀតផង បន្ទាប់ពីពួកគេបានយកឈ្នះអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតនាទីក្រុង Montevideo ។

អេស្ប៉ាញបានទទួលពានរង្វាន់ World Cup នារី ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចាកចេញពីតំណែងរបស់អតីតសហព័ន្ធបាល់ទាត់របស់ពួកគេគឺលោក Luis Rubiales ដែលបានសាងនូវភាពអាម៉ាសដោយបានថើបមាត់កីឡាការិនី Jenni Hermoso ក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី។

យ៉ាងណា FIFA បាននិយាយថា ការដេញថ្លៃរួមគ្នាពីប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ គឺជាបេក្ខភាពដ៏សក្តិសមតែមួយគត់ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

ជុំវិញរឿងនេះដែរ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ “ពិភពលោកមានការបែងចែកផ្សេងៗពីគ្នា ប៉ុន្តែ FIFA និងបាល់ទាត់មានភាពដូចគ្នាតែមួយ។ ក្រុមប្រឹក្សា FIFA បានយល់ព្រមជាឯកច្ឆន្ទដើម្បីប្រារព្ធខួបមួយសតវត្សរ៍នៃ FIFA World Cup ដែលការប្រកួតលើកដំបូងត្រូវបានលេងនៅអ៊ុយរុយហ្គាយ ឆ្នាំ ១៩៣០ តាមរបៀបសមស្របបំផុត។ ជាលទ្ធផល ការប្រារព្ធពិធីមួយ នឹងប្រព្រឹត្តទៅនៅអាមេរិកខាងត្បូង ហើយប្រទេសចំនួន៣នៅអាមេរិកខាងត្បូងគឺ អ៊ុយរុយហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នឹងរៀបចំការប្រកួតមួយក្នុងព្រឹត្តិការណ៍ FIFA World Cup 2030។”

លោក Infantino ក៏បាននិយាយថាការប្រកួតដំបូងក្នុងចំណោមការប្រកួតទាំង៣នេះ នឹងត្រូវលេងនៅឯកីឡដ្ឋាន Estadio Centenario របស់ Montevideo ជាកន្លែងដែលការប្រកួត World Cup លើកដំបូងបានកើតឡើងនៅឆ្នាំ ១៩៣០។

ការសម្រេចចិត្តដោយ FIFA សម្រាប់ការរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ គឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រ ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅទូទាំងទ្វីបចំនួន ៣ និងប្រទេសចំនួន៦ ដែលអាចមានន័យថា ការប្រកួតនឹងត្រូវធ្វើឡើងក្នុងពេលវេលានិងលក្ខខណ្ឌអាកាសធាតុផ្សេងៗគ្នាដោយផ្អែកលើអឌ្ឍគោលរបស់ផែនដី៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]