ក្លិបមានមូលដ្ឋាននៅទីក្រុង Rio de Janeiro បានធ្វើការបញ្ជាក់ថា អតីតគ្រូបង្វឹកក្រុមជម្រើសប្រេស៊ីល លោក Tite នឹងចូលកាន់តំណែងនៅក្លិប Flamengo បន្ទាប់ពីចាកចេញពីក្រុមជម្រើសជាតិ។
ជាក់ស្តែង ដោយបន្ថែមលើការប្រកាសនេះ អនុប្រធានក្លិប លោក Marcos Braz បានប្រាប់ទៅកាន់សារព័ត៌មាន Globoesporte ថា ៖ “ពួកយើងមានការពិភាក្សាជាច្រើន ហើយបានបញ្ចប់ក្នុងវិធីដ៏ល្អមួយ“។ ខណ:ការតែងតាំងបុរសវ័យ ៦២ឆ្នាំរូបនេះ បានកើតឡើងត្រឹមតែពីរសប្តាហ៍ ក្រោយលោក Jorge Sampaoli ត្រូវបានបណ្តេញចេញពីតំណែង។
លោក Tite បានសម្រេចចិត្តចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមប្រេស៊ីលកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីក្រុមលោកត្រូវធ្លាក់ចេញពីពានរង្វាន់ World Cup ឆ្នាំ ២០២២ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រូអាត។
ជម្រាបជូនផងដែរថា លោក Tite បានដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល អស់រយៈពេល ៦ ឆ្នាំ ដោយដឹកនាំក្រុម ៨១ ប្រកួត ឈ្នះ ៦០ លើក ស្មើ ១៥ លើក និងចាញ់តែ ៦លើកប៉ុណ្ណោះ ៕