VInicius Jr. បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បានយ៉ាងល្អ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឱ្យក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន។
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ជាតួអង្គសំខាន់មួយរូប ក្នុងក្រុមអធិរាជស ជាពិសេសនៅក្រោមការដឹកនាំពី អ្នកចាត់ការ Carlo Ancelotti។
មានក្ដីរំពឹងថា Vinicius នឹងបន្ដរួមរស់នៅទឹកដី Santiago Bernabeu ច្រើនឆ្នាំទៀត ប៉ុន្ដែមានក្លិបអ្នកមាននៅអារ៉ាប៊ី សាអ៊ូឌីត ត្រៀមចំណាយទឹកប្រាក់ដ៏ច្រើនមហាសាលដើម្បីអូសទាញ ខ្សែប្រយុទ្ធស្លាបប្រេស៊ីលទៅចូលរួម។
យោងតាមប្រភពពីសារព័ត៌មាន SPORT បានរាយការណ៍ថា ក្លិប Al Ahli ត្រៀមផ្ដល់សំណើជាទឹកប្រាក់ប្រមាណ២០០លានអឺរ៉ូ សម្រាប់ការផ្ទេរ Vinicius ទៅកាន់ទឹកដីមជ្ឈឹមបូព៌ា។
ក្លិបអធិរាជស មានគម្រោងក្នុងការផ្ដល់កិច្ចសន្យាថ្មី សម្រាប់ Vinicius ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងផុតសុពលភាពនាដំណាច់រដូវកាលនេះ៕