ក្លិប Tottenham Hotspurs ត្រូវបានគេរាយការណ៍មកថា ហាក់បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចុះហត្ថលេខាលើកីឡាករ Federico Chiesa ចំពេលកំពុងមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គេជាមួយក្លិប Juventus ។
ជាការពិតណាស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្ថិតនៅក្នុងការបង្ហាញគុណផលលេងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ សម្រាប់ក្រុមសេះបង្កង់ ប៉ុន្តែកុងត្រារបស់គេនៅសល់តិចជាង ២ ឆ្នាំទៀតប៉ុណ្ណោះ ។
ហើយយ៉ាងណាមិញ ឥឡូវនេះ បើយោងតាមការចុះផ្សាយពី Calciomercato បានបង្ហាញឱ្យដឹងថា ក្លិប Spurs កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការនាំយក Chiesa មកកាន់ទឹកដីអង់គ្លេស ដោយគ្រោងនឹងផ្តល់ជូនសំណើប្រមាណ ៦០លានអឺរ៉ូ នៅក្នុងខែមករាខាងមុខ។
ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា Spurs ទំនងជាអាចនឹងត្រូវប្រឈមមុខ ក្នុងការប្រជែងពីសំណាក់ក្លិបរួមលីគមូនចំនួនទៀត ដូចជា Newcastle រួមទាំងក្លិប Man Utd ផងដែរ ខណៈដែលក្លិបបិសាចក្រហម កំពុងរៀបចំរកអ្នកមកជំនួស Jadon Sancho នៅដើមឆ្នាំ ២០២៤ ខាងមុខ៕