អ្នកចាំទីទំនេរដៃ David de Gea បន្ទាប់តែទំនេរពីអាជីពរយៈ ពេល ៤ ខែ ពេលនេះហាក់ឈានដល់ដំណើរផ្ទេរទៅក្លឹបថ្មីជាផ្លូវការ បើតាមរបាយការណ៍ចុងក្រោយ ថាគេបដិសេធសំណើក្លឹបនៅមជ្ឈិមបូព៌ា ហើយការផ្ទេរទៅ Man United ចុះឡើងក៏មិនអាចទៅរួចនោះដែរ តែជាការត្រលប់ទៅប្រទេសកំណើត។
យ៉ាងណាការវិលវិញនេះសោត មិនមែនទៅចូលរួមនៅ Atletico Madrid ទេ ផ្ទុយទៅវិញ គឺជាមួយក្លឹប Real Betis ឯណោះ។ នេះបើតាមអ្នករាយការណ៍អេស្ប៉ាញ Eldes Marque ចុះផ្សាយមក នៅពេលថ្មីៗ។
Betis ជាក្លឹបកំពុងដឹកនាំដោយអតីតគ្រូ Man City លោក Manuel Pellegrini កំពុងសម្លឹងរកអ្នកចាំទីថ្មី មកប្រើប្រាស់បន្ទាន់ ដ្បិតអ្នកចាំទីសព្វថ្ងៃគឺ Claudio Bravo អាយុកាន់តែកៀកចូលវ័យ ៤០ ឆ្នាំទៅហើយនៅខែមេសា ឆ្នាំក្រោយ ហើយអ្នកចាំទីដៃទីពីរ Rui Silva ក៏ជួបបញ្ហារបួស ដែលមិនជារឿងល្អឡើយសម្រាប់ក្លឹប។
ហេតុនេះការសម្លឹងមើល De Gea គឺជាគោលដៅធំ ដ្បិតពួកគេកំពុងឈរលេខ ៦ នៅតារាង La Liga ពីក្រោយ ៥ ពិន្ទុគត់ ធៀបនឹងក្លឹបលេខ ៤ Atletico Madrid ជាអតីតក្លឹបកាន់ឆ្នាំមួយរបស់អ្នកចាំទីខាងលើ។ ដំណើរការផ្ទេរ អាចធ្វើទៅបាននៅជាងមួយខែបន្ទាប់ទៀត កំឡុងទីផ្សារដោះដូររដូវរងានោះឯង៕