ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ កំពុងរៀបចំផែនការណ៍លក់ចេញកីឡាករមួយចំនួនដោយឥតញញើតដៃ ក្នុងទីផ្សារដោះដូរខែមករាខាងមុខ ក៏ជាពេលវេលាដែលម្ចាស់ថ្មីលោក Sir Jim Ratcliffe អាចចូលមកកាន់កាប់ពេញលេញផងដែរ។
ក្រោមការដឹកនាំ ដោយអ្នកចាត់ការលោក Erik ten Hag រដូវកាលនេះ មិនជាកើតលទ្ធផលល្អទេ ក៏ជឿថាត្រូវចាំបាច់មានការផ្លាស់ប្តូរបន្ទាន់ ហើយសមាសភាពកីឡាករក្នុងក្រុមមួយចំនួន ទំនងត្រូវលក់ចេញ ជាជាងរក្សាបន្តទៅទៀត។ ចំណោមនោះ សុទ្ធសឹងជាតំបន់ប្រយុទ្ធទាំង ៣ រូបតែម្តង គឺ Anthony Martial, Jadon Sancho និង Antony។
ករណីរបស់ Martial កីឡាករបារាំងរូបនេះ មករួមរស់នៅ Old Trafford យូរណាស់មកហើយ តាំងឆ្នាំ ២០១៥ តែគេហាក់មិនរកឃើញផ្លែផ្កាសម្រាប់ក្រុមទាល់តែសោះ។ គួបផ្សំនឹងសុពលភាពកុងត្រាត្រូវផុតនៅបញ្ចប់រដូវកាលផង អ៊ីចឹងការលក់ចេញមុន ជាការសម្រេចចិត្តត្រូវដើម្បីប្រមូលលុយមួយចំនួនចូលក្លឹប។
វិលទៅ Sancho កីឡាករអង់គ្លេសប៉ះមាត់នឹងគ្រូធំ ដែលមិនទាន់រកឃើញដំណោះស្រាយ ហើយចុងក្រោយកីឡាករប្រេស៊ីល Antony ដ្បិតមានរឿងអាស្រូវ ដោះស្រាយហើយមែន តែមើលទម្រង់លេងវិញ គឺ ចប់ ត្រង់មិនទាន់រកបានគ្រាប់បាល់ ឬសូម្បីតែការ Assist មួយផងនោះ៕