ឯកឧត្ដម សុខ សូកាន ថាកីឡាប៊ូល និងប៉េតង់គឺមានប្រជាប្រិយភាពជាខ្លាំងពីសំណាក់មហាជន កីឡាករ កីឡាការិនី និងឲ្យតម្លៃខ្ពស់ចំពោះប្រភេទកីឡាមួយនេះពីមួយឆ្នាំទៅមួយឆ្នាំ។
ទិដ្ឋភាពការប្រកួតដណ្ដើមមេដាយមាស
ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាខាងលើនេះបានបង្ហាញភាពរីករាយជាខ្លាំងក្នុងនាមសហព័ន្ធផ្ទាល់ដែលបានបង្កើតឲ្យជាការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ។ ដែលការប្រកួតគឺបញ្ចប់ទៅដោយរលូនមានភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកួតដោយសាមគ្គីភាព និងយុត្តិធម៌។
ទិដ្ឋភាពការប្រកួតដណ្ដើមមេដាយមាស
ឯកឧត្ដម សុខ សូកាន បន្ថែមទៀតថា តាមរយៈការចូលរួមប្រកួតប្រជែងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទាំងកីឡាករចាស់ៗកីឡាករថ្មីៗមានចំនួនច្រើនដែលនេះបញ្ជក់ថាកីឡាប៊ូល និងប៉េតង់របស់កម្ពុជាមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តលេងច្រើន។ មហាជនខ្មែរបានឲ្យតម្លៃខ្ពស់ចំពោះកីឡាមួយនេះ និងមានការគាំទ្រច្រើនទៀតផងនាពេលកន្លងទៅ។

បញ្ជាក់ដែរថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួនហើយកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា នៅទីលានហ្វឹកហាត់ផ្ទាល់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ ក្រុមប៉េតង់កងយោធពលខេមរភូមិន្ទ ជាប់លេខ១ ឈ្នះមេដាយសរុបចំនួន៥ មាស៣ ប្រាក់១ និងសំរឹទ្ធ១។ ក្រុមប៉េតង់ អយក ខេត្តបាត់ដំបង ជាប់លេខ២ មេដាយមាស១ និងសំរឹទ្ធ១។ ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប់លេខ៣ ឈ្នះមេដាយមាស១។ សម្រាប់ការប្រកួតឆ្នាំនេះគឺមាន សម្ព័ន្ធ ក្លឹប ចូលរួមសរុប ៥៣ មកពី ១២ រាជធានីខេត្ត និង ៣ ស្ថាប័ន សរុបប្រតិភូ កីឡាករ កីឡាការិនីមាន ៧០១នាក់៕