Bruno Fernandes បាននិយាយដោយបើកចំហរថា គេពេញចិត្តក្នុងការលេងរួមក្រុមជាមួយនឹង កីឡាករវ័យក្មេងដ៏លេចធ្លោរបស់ក្លិប Benfica, Joao Neves នៅ Manchester United។
ក្លិបបិសាចក្រហម មានលេចឮដំណឹងថា មានការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខានាំយក Neves ពីក្លិបព័រទុយហ្កាល់ ដើម្បីមកពង្រឹងបន្ថែមនៅតំបន់បម្រើ ហើយ Fernandes បាននិយាយលើកសរសើរអំពីសមត្ថភាពមិត្តរួមក្រុមជម្រើសជាតិរបស់គេ។
នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពដែល Man Utd អាចនឹងនាំយកយុវជនរូបនេះ Fernandes បាននិយាយថា៖ “វាអាស្រ័យទៅលើគ្រូបង្វឹករបស់ Man United ដែលនិយាយថាតើគេមានកន្លែងលេងឬក៏អត់។ គេជាកីឡាករឆ្នើម ខ្ញុំមិនដឹងថាតើ គេអាចមានកន្លែងលេងឬយ៉ាងណាទេ។ វាអាស្រ័យលើគ្រូបង្វឹក និងគំនិតរបស់គាត់”។
“ប៉ុន្ដែគេជាកីឡាករដ៏ល្អ ជាក្មេងដ៏ល្អ មានភាពជាអាជីព គេនឹងមានអនាគតភ្លឺស្វាង នៅទីណាដែលគេទៅ។ ខ្ញុំពិតជាពេញចិត្តឱ្យគេលេងរួមក្រុមជាមួយ។ ព្រោះគេមានគុណភាព ហើយមានអនាគតដ៏ភ្លឺស្វាង។ អ្វីដែលខ្ញុំចង់បាននោះគឺ គេនឹងធ្វើបានល្អបំផុត”៕