អតីតអ្នកចាត់ការក្រុមតោខៀវ Chelsea និង Brighton លោក Graham Potter ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានបោះបង់ចោលឱកាសក្នុងការទៅដឹកនាំក្រុមជម្រើសជាតិស៊ុយអែត ព្រោះចង់ផ្តោតលើការវិលត្រលប់ទៅដឹកនាំក្លិបអាជីពជាង។
ជាក់ស្តែង លោក Potter ដែលបានចូលជំនួសតំណែងរបស់លោក Thomas Tuchel នៅទឹកដី Stamford Bridge ក្នុងខែកញ្ញា ឆ្នាំ ២០២២ ត្រូវបានក្លិប Chelsea សម្រេចបញ្ចប់មុខតំណែងវិញ ក្រោយដឹកនាំបានត្រឹម ៧ ខែប៉ុណ្ណោះ ។
យ៉ាងណា លោក Potter ត្រូវបានគេរាយការណ៍មកថា ត្រូវបានទាក់ទងដោយក្រុមជម្រើសជាតិស៊ុយអែត ខណ:ពេលដែលគ្រូបង្វឹកបច្ចុប្បន្ន លោក Janne Andersson ត្រូវបានចាកចេញពីតំណែងក្នុងសប្តាហ៍នេះ បន្ទាប់ពីបរាជ័យក្នុងការទទួលបានសិទ្ធិលេងនៅពាន Euro ឆ្នាំក្រោយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Aftonbladet បានរាយការណ៍ថាបុរសវ័យ ៤៨ ឆ្នាំរូបនេះ បានបដិសេធចំពោះមុខតំណែងនេះភ្លាមៗ ដោយលោកត្រូវបានគេយល់ថា ហាក់មានចំណង់ចំណូលចិត្តក្នុងការវិលត្រលប់ទៅដឹកនាំក្លិបអាជីពច្រើនជាង៕