គ្រូបង្វឹក Lionel Scaloni ដែលដឹកនាំអាហ្សង់ទីនឈ្នះជើងឯក World Cup និយាយថា លោកកំពុងពិចារណាលាលែងពីតំណែង ក្រោយកាន់តួនាទីនេះអស់រយៈពេល៥ឆ្នាំ។
លោក Scaloni បានប្រកាសបែបនេះយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្រោយពេលដែលអាហ្សង់ទីន បានយកឈ្នះប្រេស៊ីល ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup នាទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ។
បុរសវ័យ៤៥ឆ្នាំ ក៏បានដឹកនាំអាហ្សង់ទីនឈ្នះជើងឯក Copa America ២០២១ ផងដែរ មុនពេលពួកគេទទួលបានពាន World Cup នៅកាតារកាលពីឆ្នាំមុន។
សូមរំឭកថា លោក Scaloni បានកាន់តួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីខែសីហា ឆ្នាំ២០១៨ ជំនួសលោក Jorge Sampaoli បន្ទាប់ពីលោកបានដឹកនាំក្រុមយុវជនក្រោមអាយុ២០ឆ្នាំ បានរយៈពេលខ្លី៕