ក្លឹបនៅក្របខ័ណ្ឌ Premier League មួយចំនួនធំ ត្រូវបានរាយការណ៍កំពុងបញ្ជូនភ្នាក់ងារឃ្លាំមើល មកតាមសើបស្ថានការណ៍ Mason Greenwood កំឡុងពេលវេលាខ្ចីជើង គេបង្ហាញឲ្យក្លឹប Getafe នៅឯទឹកដីអេស្ប៉ាញ ត្រង់ផ្ទុះការភ្ញាក់ផ្អើលនៅទម្រង់ដ៏ល្អ ដ្បិតបើខកខានការឈរជើងរាប់សិបខែ ជុំវិញការព្យួរឈ្មោះពីសំណាក់ក្លឹបមេ Man United។
មកដល់ Getafe កីឡាករអង់គ្លេស បង្ហាញខ្លួន ១០ ប្រកួតហើយឲ្យក្លឹបនៅ La Liga ក៏រកបាន ២ គ្រាប់និង Assist ៣ ផងដែរ។ គេទើបតែរកបានគ្រាប់បាល់ថ្មីថ្មោង នៅប្រកួតយកឈ្នះ ២-១ ទៅលើ Almeria កន្លងទៅតាមរយៈការស៊ុតក្រៅប្រអប់ដ៏ស្អាត។
តាមសារព័ត៌មាន AS ចុះផ្សាយ ដោយមើលឃើញភាពមិនទាន់ប្រាកដប្រជាអំពីអនាគតជាមួយក្លឹបម្ចាស់ដី Estadio Coliseum នេះ Greenwood ក៏ត្រូវបានក្លឹបនៅ Premier League បញ្ជូនក្រុមឃ្លាំមើល មកសិក្សាពីគេបន្ថែមផងដែរ តែមិនមានការបញ្ជាក់ច្បាស់ថា ក្លឹបណានោះទេ។
វាជាដំណឹងគួរឲ្យសាទរមួយ ព្រោះអីរដូវក្តៅកន្លងទៅនោះ Greenwood មានតែក្លឹប ២ ប៉ុណ្ណោះនៅលីគលំដាប់ពីរអង់គ្លេសចាប់អារម្មណ៍ ហើយក្លឹបនៅអ៊ីតាលី និងតួកគី។ ឥឡូវបន្ថែមចំណាប់អារម្មណ៍បែបនេះ ក៏ជឿថាតម្លៃខ្លួន និងការដំឡើងប្រាក់ឈ្នួលរបស់គេ នឹងមានការកើនឡើងជាក់ជាមិនខាន ខណៈសុពលភាពកុងត្រាសេសសល់ជាមួយ United មានរយៈពេលត្រឹមបញ្ចប់រដូវកាល ២០២៤/២៥៕