ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថា នឹងមិនមានគម្រោងក្នុងការផ្ទេរយកខ្សែការពារ Raphael Varane មកកាន់ក្រុមរបស់ខ្លួន នៅឆ្នាំក្រោយនេះនោះឡើយ បើទោះបីជាមានការរំពឹងទុកថ្មីៗ ជុំវិញអនាគតរបស់កីឡាករ Man Utd រូបនេះក្តី។
ជាការពិតណាស់ Varane ហាក់បានបាត់បង់តំណែងលេងរបស់ខ្លួន នៅក្នុងជម្រើសដំបូងរបស់ក្រុមលោក Erik ten Hag ដោយរាល់ការបង្ហាញខ្លួនរបស់គេក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ សុទ្ធសឹងតែលេងជាកីឡាករអង្គុយនៅកៅអីបម្រុង។
យ៉ាងណាមិញ Varane មានកិច្ចសន្យាជាមួយក្លិបជើងឯកអង់គ្លេស ២០ សម័យកាលរហូតដល់រដូវក្តៅឆ្នាំ ២០២៥ ឯណោះ ប៉ុន្តែថ្មីៗនេះ មានការលើកឡើងថាកីឡាករសញ្ជាតិបារំាង មានបំណងចង់ដើរចេញ ដើម្បីស្វែងរកន្លែងថ្មី។
ទន្ទឹមនឹងនេះ មានរបាយការណ៍កន្លងមក បានអះអាងថា ក្លិប Bayern មានចំណាប់អារម្មណ៍លើ Varane ប៉ុន្តែបើយោងទៅតាម Sky Deutschland បញ្ជាក់ថាក្លិបនៅក្នុងក្របខ័ណ្ឌ Bundesliga ហាក់គ្មានក្នុងការផ្តល់ជូនសំណើណាមួយសម្រាប់អតីតខ្សែការពាររបស់ក្រុម Real Madrid រូបនេះនោះឡើយ៕