សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា នៅព្រឹកមិញនេះបានបើកការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួននៅពហុកីឡដ្ឋានមរតកតេជោ និងព្យាយាមពង្រីកផ្សព្វផ្សាយកីឡាមួយនេះឲ្យផុលផុសក្នុងប្រទេសកម្ពុជា។
លោក នូ សុផល អគ្គលេខាធិការសហព័ន្ធគ្រិកឃីត បានឲ្យដឹងថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតនេះត្រូវខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ និងទទួលបានបទពិសោធល្អៗពីព្រឹត្តិការណ៍មួយនេះ។

តំណាងសហព័ន្ធខាងលើនេះបន្ថែមទៀតថា ដោយសារកីឡាគ្រិកឃីតវាថ្មីសម្រាប់កម្ពុជា និងមហាជនទូទៅ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធក្នុងសហព័ន្ធត្រូវរួមគ្នាខំប្រឹងពង្រីកផ្សព្វផ្សាយឲ្យបានច្រើនដល់មហាជនដើម្បីមានការគាំទ្រ ឬលេងកម្សាន្តជាដើម។ ជាមួយគ្នានេះដែរគ្រិកឃីតគឺមានការប្រកួតច្រើនលើឆាកអន្តរជាតិ ហេតុនេះសូមកីឡាករ កីឡាការិនី ត្រូវហ្វឹកហាត់បង្កើនសមត្ថភាពជាបន្តបន្ទាប់។

រំលឹកដែរថា ការប្រកួតជើងឯកថ្នាក់ជាតិរបស់កីឡាគ្រិកឃីតនេះធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។ ការប្រកួតនេះគឺមាន ៤ក្លឹបចូលរួម សរុបកីឡាករ កីឡាការិនី ៤២នាក់៕