កីឡាករក្រូអាត Luka Modric ហាក់គិតគូរជ្រើសយកផ្លូវបែកពីក្លឹបកាន់ឆ្នាំ Real Madrid នៅបញ្ចប់រដូវកាលខាងមុខហើយ បន្ទាប់តែកំណត់ត្រូវអស់សុពលភាពកុងត្រា ហើយទាំងភាគីក្លឹបក៏មិនមានចិត្តបន្តថ្មីតទៅទៀតដែរ ជូនម្ចាស់ពាន Ballon d’Or សម័យឆ្នាំ ២០១៨។
មកចុះចូលនៅ Los Blancos ក្រោយចេញពី Tottenham តាំងឆ្នាំ ២០១២ ក៏បានបត់ខ្លួនជាខ្សែបម្រើឆ្នើមប្រចាំក្របខ័ណ្ឌ LaLiga កាន់ពាន Champions League ៥ សម័យជាមួយ Real Madrid ឥឡូវចូលមកដល់វ័យ ៣៨ ឆ្នាំ កត្តាគុណភាពនៅតែមាន គ្រាន់ថាការផ្តល់ឱកាសចេញពីគ្រូហាក់ធ្លាក់ចុះ ដូចរដូវកាលនេះ ទើបចាប់ផ្តើមបាន ៦ ប្រកួតគត់នៅជម្រើសដំបូង។
បើតាមសារព័ត៌មាន Sport ចុះផ្សាយ Modric កំពុងស្ថិតក្នុងរដូវកាលចុងក្រោយរបស់គេហើយជាមួយក្លឹបស្តេចស ណាមួយដោយសាររបួសញាំញីផង ក៏ Ancelotti ច្បាស់លាស់ក្នុងដំណើរចាកចេញរបស់គេ។ ទន្ទឹមនេះ ក្លឹបមានផែនការណ៍យក Jobe Bellingham ជាប្អូនប្រុសបង្កើត Jude Bellingham មកគ្រោងបំពេញកន្លែងរបស់គេផងដែរ។
យើងមិនច្បាស់តើដំណើរខាងមុខ Modric នឹងជ្រើសយកផ្លូវចូលនិវត្តតែម្តងឬបែបណាទេ? តែគេជឿថា ភាគរយផ្ទេរទៅក្លឹបក្រៅតំបន់អឺរ៉ុប អាចនៅខាងអារ៉ាប៊ីសាអូឌីត នឹងមានខ្ពស់ ត្រង់ជាកន្លែងកើបប្រាក់សន្ធឹកសន្ធាប់ចុងក្រោយ មុនព្យួរស្បែកជើងពីអាជីព៕