គ្រូបង្វឹករបស់ក្រុម Real Madrid លោក Carlo Ancelotti បានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមរបស់ខ្លួននឹងនាំយកខ្សែការពារថ្មីមកបន្ថែមទៀត នៅអំឡុងទីផ្សារដោះដូរកីឡាករបើកឡើងវិញនាខែមករាខាងមុខ។
ជាក់ស្តែងកីឡាករ David Alaba ត្រូវបានបញ្ជាថានឹងអវត្តមានពីក្រុមរយ:ពេលវែង បន្ទាប់ពីមានរបួស ACL ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុម Villarreal នៅយប់ថ្ងៃអាទិត្យសប្តាហ៍មុន ខណ:ខ្សែការពារកណ្តាល Eder Militao ក៏បានរងរបួសដូចគ្នាកាលពីខែសីហា។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ គ្រូបង្វឹកលោក Ancelotti បាននិយាយមុនការប្រកួត La Liga នៅរាត្រីថ្ងៃព្រហស្បតិ៍ជាមួយ Alaves ថាក្រុមរបស់លោក នឹងវាយតម្លៃក្នុងទីផ្សារដោះដូរខាងមុខ ហើយអាចធ្វើការចុះហត្ថលេខាលើជម្រើសការពារថ្មីភ្លាម បើសិនពួកគេមានលទ្ធភាព ។
លើសពីនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បាននិយាយទៀតថា ៖ “ខ្ញុំមិននិយាយបាននៅពេលនេះទេ យើងបាននិយាយជាមួយថ្នាក់ដឹកនាំក្លិបហើយ យើងនឹងវាយតម្លៃវាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ វានៅតែមានពេលវេលាច្រើន។ ហើយយើងនឹងស្វែងរកដំណោះស្រាយឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ” ៕